
ភ្នំពេញ៖ ដូចអ្វីដែលជាការរំពឹងទុក ពេលនេះបានក្លាយជាការពិតហើយ ដោយប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារ ទទួលបានការដូរដ៏មាន តម្លៃ ពីសម្តេចតេជោ ហ៊ុន សែន នោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើអោយពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។
ក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើក ឡើងថា៖ ត្រឹមតែរយៈពេល១០ថ្ងៃ ប៉ុណ្ណោះ ដែលរដ្ឋបាល រាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារន លិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូន ប្រជាពលរដ្ឋនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសិទ្ធិកាន់កាប់ ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។
ឯកឧត្តម ឃួង ស្រេង បន្តថា៖ ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និង ជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោ បាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅ ទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុង ដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១,២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារ ទាំង ៨ នេះ ថែមទៀតផង។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំង១៣៩២បន្ទប់នេះ គឺនៅសល់៤៦បន្ទប់ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូនទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីរាជធានី ដោយមន្ត្រីរបស់យើងនឹងនៅរង់ចាំធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលន ទ្រព្យ និងពន្ធអាករផ្សេងៗដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងអគារសហកម្មសិទ្ធិបុរីកីឡាទាំង០៨អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើបរីករាយក្រៃលែង ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ។
នេះជាការខិតខំ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង ជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។ លោកថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួលបាននាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសេដ្ឋកិច្ច និង ជីវភាពគ្រួសារ ។
ដូច្នេះបងប្អូនថែរក្សាទុកដាក់ឲ្យបានគង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជា ឯកសារដ៏មានសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពផ្ទះរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះអាចផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនតាមតម្រូវការឬធ្វើអំណោយសំរាប់កូនចៅទៅថ្ងៃអនាគត៕ដោយះ សំអាតនិងពិសិដ្ឋ


