ខេត្តតាកែវ ៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសកាល នៃពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សាព.ស ២៥៦២- ២៥៦៣ ត្រូវនឹងគ.ស២០១៨-២០១៩ នៅសាលាពុទ្ធិកវិទ្យាល័យជាស៊ីមតាកែវ។
សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជា ណាចក្រកម្ពុជា មានថេរដីការថា សាលាពុទ្ធិកបឋមសិក្សា និងសាលាពុទ្ធិកវិទ្យាល័យគឺជាឆ្អឹងខ្នងដ៏រឹងមាំ និងសំខាន់សម្រាប់វិស័យព្រះពុទ្ធសាសនា ព្រោះសាលាពុទ្ធិកនេះជាថ្នាលបណ្តុះបណ្តាលទាំងចំណេះដឹង និងធម៌វិស័យចំពោះសមណគ្រប់អង្គ ។
សម្តេចសង្ឃបន្តថា សាលាពុទ្ធិកនេះ វាពិតជាមានសារៈ សំខាន់ខ្លាំងណាស់ចំពោះវិស័យព្រះពុទ្ធសាសនា ហើយក៏ជាឆ្អឹងខ្នងដ៏រឹងមាំផងដែរនៅក្នុងវិស័យព្រះពុទ្ធសាសនា ព្រោះសមណទាំងអស់ នឹងបានសិក្សាអំពីធម៌វិន័យ បាលី គម្ពីរ និងចំណេះដឹងទូទៅផងដែរ ពោលគឺបណ្តុះបណ្តាលឲ្យសមណគ្រប់អង្គ ឲ្យមានចំណេះដឹងជ្រៅជ្រះលើផ្នែកសាសនា និងផ្នែកសង្គម ។
សម្តេចសង្ឃ បន្ថែមថា ព្រះសង្ឃគ្រប់អង្គ ដែលជាសមណបានបួសរៀននៅសាលាពុទ្ធិកបឋមសិក្សា និងពុទ្ធិកវិទ្យាល័យនេះ គឺត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាពុទ្ធិកឲ្យបានល្អប្រសើរ ព្រោះយើងដែលជាសមណ គឺជាអ្នកប្រតិបត្តិ ជាអ្នកឲ្យគេគោរព និងជាអ្នកអប់រំផ្លូវចិត្តដល់ពុទ្ធបរិស័ទដទៃផងដែរ ដូច្នោះត្រូវគោរពវិន័យសាលា និងធ្វើជាគំម្រូល្អផងដែរ ៕
អត្ថបទព័ត៌មាន ៖ សូត្រ សុផុន











