ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំ”ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២”នៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២២នេះ។
ពិព័រណ៏នេះ នឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ដែលរំពឹងថា បើកឱកាសការងារថ្មីៗបន្ថែមជាង ២ម៉ឺនកន្លែងដល់យុវជនកម្ពុជា។
ថ្លែងក្នុងសនិ្នសីទសារព័ត៌មាន អំពី “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២”នៅព្រឹកថ្ងៃទី១៨តុលានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិនិងមុខរបរ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ដែលរំពឹងថា បើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។
ឯកឧត្តមបានបន្តថា ក្នុងនោះ វិស័យនាំមុខគេរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាលជាដើម។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តទៀតថា ក្នុងព្រឹត្តិការណ៍នេះ រំពឹងថាមានអ្នកស្វែងរកការងារមានសក្ដានុពលចូលរួមដាក់ពាក្យរកការងារ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងពិព័រណ៍តែម្តងចំនួនប្រមាណ៣ម៉ឺននាក់ផងដែរ។
បន្ថែមលើនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទ ស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។
ឯកឧត្តម ហៃ ហ៊ុនឡេង បានបន្ថែមថា ពិព័រណ៍ការងារថ្នាក់ជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំដែលត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួនចូលទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ៕
ដោយ៖ សំអាត និង ពិសិដ្ឋ






