យ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់ដោយសារព្យុះកំបុតត្បូង នៅក្នុងរដ្ឋ អ៊ីនឌានណា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ខណៈព្យុះដ៏ខ្លាំងក្លាបានបោកបក់ពេញតំបន់នេះ រួមទាំងរដ្ឋ អូហៃអូ(Ohio) ដែលនៅជិតខាងផងដែរ។ សារព័ត៌មាន NBC News បានរាយការណ៍ថា ការស្លាប់ទាំងបីនាក់នេះ បានកើត ឡើងនៅចំណតរថយន្តដឹកអ្នកដំណើរ នៅទីក្រុង វីនឆេសស្ទេី រដ្ឋ អ៊ីនឌានណា ចម្ងាយប្រហែល ១១៣ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានី។ សេវាអាកាសធាតុជាតិបាននិយាយថា ខ្លួនមិនអាចបញ្ជាក់បានថា តើខ្យល់ព្យុះកំបុតត្បូងបានបោកបក់នៅ វីនឆេសស្ទេី (Winchester) ដែរឬទេ ប៉ុន្តែវាទំនងជាវិនិច្ឆ័យដោយការខូចខាត និងរូបភាពដែលថតដោយមនុស្សនៅទីនោះ។
ព្យុះនេះគឺជាផ្នែកមួយដែលលាតសន្ធឹងពីភាគឦសាននៃរដ្ឋតិចសាស់ទៅរដ្ឋ អូហៃអូ។ ទីប្រជុំជនតូចៗជាច្រើននៅជិត វីនឆេសស្ទេី (Winchester) ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះកំបុតត្បូងផងដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






