រដ្ឋបាលក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី៧ ខែធ្នូ នេះ បានរៀបចំការធ្វើតេស្តដល់មន្ត្រីនគរបាលម្តងម្នាក់ៗ ជាលើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានមន្ត្រីសរុប ១.៥៤៤នាក់ បន្ទាប់ពីបានធ្វើតេស្តយកសំណាកលើកទី១ ពាក់ព័ន្ធព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»។
ចំណែក អ្នកពាក់ព័ន្ធព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» ផ្សេងទៀត ក៏ត្រូវធ្វើតេស្តលើកទី២ ដូចគ្នាដែរ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ នៅ៥ទីកន្លែង ដែលក្រសួងសុខាភិបាល បានកំណត់ រួមមាន ៖
១-ផ្ទះសម្តេច ហេង សំរិន
២-ផ្ទះសម្តេចក្រឡាហោម ស ខេង
៣-រដ្ឋសភា
៤-ទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ
និងទី៥-ពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល )។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែធ្នូ ម្សិលមិញ ក្រសួងសុខា ភិបាល ទើបរកឃើញមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ ម្នាក់ ទៀត បានឆ្លងជំងឺកូវីដ-១៩ថ្មី ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ បានចូលក្នុងហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង ២០:៣០ នាទីយប់(ដោយមិនបានការពារត្រឹមត្រូវ )។
ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃចន្ទ ទី៧ ខែធ្នូថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់ បានចំនួន ១១៣០៥ នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន ៣២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនៅមណ្ឌលសុខភាពចាក់អង្រែ៕ ដោយ ៖ ស.អ.






