ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ និងមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីនេះ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេស ជាតិ ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានឧទ្ទិសឲ្យពិធី «រុក្ខទិវា»នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឲ្យបានគង់វង្សរហូតតទៅ។
ការដាំដើមឈើ គឺមានផលប្រយោជ ន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទ នៅលើភពផែនដីយើងនេះ»។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួម គឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាព រស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្វាយរបាយការណ៍បញ្ជាក់ថា ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ឆ្នាំនេះ មានកូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើទីតាំងទំហំ៣ហិកតា នៅស្ដានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ស្រុកត្រាំកក់។ ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវាបាន បង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តា រាជធានី-ខេត្តចំនួន១៤។ ព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជា ចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។ ជាង នេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋគិតត្រឹមឆ្នាំ ២០២៤នេះ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជា ច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត៕