
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។ បើតាមព្រះរាជក្រឹត្យ មានគោលបំ ណង អភិវឌ្ឍន៍សួន ភូតគាមសាស្ត្រ ដែលមានពូជឈើប្រណីត និងមាន តម្លៃសេដ្ឋកិច្ចខ្ពស់ អភិវឌ្ឍន៍ជាតំបន់គោលដៅ ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្តល់ការថែរក្សា សង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាព សត្វព្រៃ ។ ជាមួយគ្នានេះ ក៏ធ្វើជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ -សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយ និរន្តរភាព។
គួរកត់សម្គាល់ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម -ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២ ០២៥ (ពីរពាន់ម្ភៃប្រាំ) ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ។ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ» ត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖ ១-តំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការ អភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ (មួយពាន់ ម្ភៃមួយ) ហិកតា។ ២-តំបន់សួនភូតគាមឈើ ប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូត គាម មានពូជឈើប្រណិត និងសោភ័ណ ភាព ដែលមានផ្ទៃដីទំហំ ៥៣០ (ប្រាំរយសាមសិប) ហិកតា។ ៣-តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ (បួនរយចិតសិបបួន) ហិកតា ដោយរៀបចំ និងការប្រព្រឹត្តទៅនៃឧទ្យានសួនសត្វព្រៃការពារនិងសួនភូតគាម «ភ្នំតាមៅ» ត្រូវកំណត់ ដោយអនុក្រឹត្យ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ និងត្រូវរៀបចំផែនការគ្រប់គ្រងឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម -ភ្នំតាម៉ៅ- និងអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
ក្នុងពិធីចែកសញ្ញាបត្រនិស្សិតជ័យលាភីនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តំបន់ភ្នំតាម៉ៅត្រូវតែរក្សាទុកជាព្រៃការពារ និងដីអភិរក្ស ដោយព្រះរាជក្រិត។ សម្ដេចតេជោ ស្នើឲ្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ រៀបចំជាព្រះរាជក្រឹត្យ ដើម្បីរក្សាតំបន់នេះ ឱ្យទៅជាតំបន់ព្រៃអភិរក្ស សម្រាប់ការពារជារៀងរហូតទៅ។ សម្តេចតេជោ បានចេញបញ្ជាមេបញ្ជាការកងអង្គរក្ស និងអ្នកទទួលខុសត្រូវការងារដាំដុះ ប្រែក្លាយតំបន់ដែលត្រូវបានឈូសឆាយ ទៅជាសួន ឬចម្ការដាំដើមឈើជាឈើប្រណីត។ ប៉ុន្តែដើម្បីចៀសវាងនូវបញ្ហាភ័ន្តច្រឡំ និងការមួល បង្កាច់ ដោយពួកអគតិមួយចំនួន សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឲ្យក្រសួងកសិកម្ម ត្រៀមព្រះរាជក្រឹត្យកំណត់ និយាមការតំបន់ភ្នំតាម៉ៅ ដែលជាតំបន់ការពារនេះ ដោយចេញជា ព្រះរាជក្រឹត្យដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីសប្ដាហ៍មុន បានលុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ដោយរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ហើយក្រុមហ៊ុន ដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដី ដែលបានឈូសឆាយ»៕


