ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១)៖ ដោយចង់រំលឹកពីអតីតកាល ដែលពុំមានយានយន្តទំនើបជិះគ្រប់គ្រាន់ព្រះសេរីធម្មញាណរាជាគណៈថ្នាក់កិត្តិយស បឋមវង្សាធិបតីព្រះមេគណខេត្ត ព្រះនាម សុខ ថាន បានរៀបចំអោយមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត កំពង់ឆ្នាំង រៀបចំរទេះគោមួយគ្រឿង សម្រាប់ព្រះមេគណនិមន្តពេលវិលត្រឡប់មកពីប្រកាសព្រះមេគណ លោកគ្រូសូត្រឆ្វេង និងគ្រូសូត្រស្ដាំ នៅវត្តគង្គា ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ការរៀបចំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២១។
អ្វីដែលមានការចាប់អារម្មណ៍នោះគឺព្រះតេជគុណបាននិមន្តតាមរទេះគោដោយមានគ្រឿងតុបតែងលម្អព្រមទាំងមាន អ្នកកំដរហែរហមជាច្រើនទៀតផង។
លោក ស លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បន្ទាប់ពីធ្វើការប្រកាសមេគណវត្តគង្គាព្រមទាំងគ្រូសូត្រឆ្វេង និងគ្រូសូត្រស្ដាំរួចមក ព្រះតេជគុណព្រះសេរីធម្មញាណរាជាគណៈថ្នាក់កិត្តិយស បឋមវង្សាធិបតីព្រះមេគណខេត្ត សព្វព្រះទ័យ ចង់ជានិមន្តតាមរយៈរទេះគោ វិលត្រឡប់មកទីរួមខេត្តកំពង់ឆ្នាំងវិញ ។
ហេតុដូច្នេះហើយ ទើបក្រុមការងាររៀបចំជួលរទេះគោគេ ដោយតុបតែងគ្រឿងលម្អ មានអ្នកហែរហម និងព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទដង្ហែតាមពីក្រោយរទេះគោ ដែលវិលត្រឡប់មកពីទីរួមខេត្តវិញ។ដែល ទិដ្ឋភាពបែបនេះ មើលទៅពិតជាប្លែកភ្នែកមែន ។
លោក ស លាង បានរំលឹកថេរដិការបស់ព្រះមេគណខេត្តថា ដោយសារនឹកឃើញពីអតីតកាលដែលព្រះតេជគុណធ្លាប់ជិះរទះគោទៅបិណ្ឌបាត្រ និងធ្លាប់ជាកសិករបររទេះគោផងនោះ ទើបថ្ងៃនេះព្រះតេជគុណសព្វព្រះ
ទ័យចង់និមន្តតាមរទះគោវិញម្ដងដើម្បីរំឭកពីអតីតកាល ជាមួយគ្នានេះព្រះតេជគុណ បានក្រើនរំលឹកដល់ក្មេងជំនាន់ក្រោយដែលកំពុងតែមានយានជំនិះទំនើប ៗ ជិះ ទាំងម៉ូតូទាំងរថយន្តក្តី សូមកុំភ្លេចធាតុដើម របស់ខ្មែរយើង ទៅណាមកណាធ្វើដំណើរតាមរទេះគោរទេះក្របីនោះ។
ដោយហេតុនេះហើយទើបថ្ងៃនេះព្រះតេជគុណនិមន្តតាមរទេះគោ ក្នុងគោលបំណងបង្ហាញពីការធ្វើដំណើរពីអតីតកាលនៃបុព្វបុរសជំនាន់មុនៗផងដែរ។
យ៉ាងនេះក្តីររទះគោព្រះតេជគុណ សុខ ថាន ព្រះសេរីធម្មញាណរាជាគណៈថ្នាក់កិត្តិយស បឋមវង្សាធិបតី មិនអាចវិលត្រឡប់មកដល់ទីរួមខេត្តបាន ដោយសារ តែខ្លាចគោផ្អើលលើផ្លូវជាតិដែលមានការចង្អៀតកកស្ទះដោយសារតែស្ថានភាពផ្លូវកំពុងតែជួសជុលថ្មី ។ហេតុនេះហើយបានជារទេះគោព្រះតេជគុណបានតែបរជុំវិញវត្តនិងក្នុងភូមិតែប៉ុណ្ណោះ ៕
ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)