ភិក្ខុ កួន សុវ៉ាត សព្វថ្ងៃគង់មិនអចិន្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានថេរសភាខេត្តសៀមរាប ចេញប្រកាសផ្សឹកដោយព្រះអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ ត្រង់អាបត្តិបរាជិក។
ព្រះអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប បានមានសង្ឃដីកាថា ដោយយោងកំណត់ហេតុអង្គប្រជុំថេរសភាខេត្តសៀមរាប ចុះថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ និងយោងតាមសិក្ខាបទភិក្ខុ២២៧ ត្រង់អាបត្តិបរាជិក សម្រេចប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត គង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទបព្វជិតចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។
ការផ្សឹកនេះ គឺក្រោយពី អង្គប្រជុំថេរសភាខេត្តសៀមរាប បានស្តាប់វីដេអូសារសំលេងសន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជំរៅរវាងភិក្ខុ លួន សុវ៉ត ជាមួយស្ត្រីជាម្តាយនិងកូនស្រី ព្រមទាំងបានស្តាប់ការបំភ្លឺរបស់កូនស្រីមួយរូប អង្គប្រជុំសន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម(មាតុគ្រាម)ជាមួយស្ត្រីភេទពិតប្រាកដមែន៕






