(ខេត្តឧត្ដរមានជ័យ,ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១)៖បុរសម្នាក់ដែលជាអ្នកបើកបរត្រាក់ទ័រ បានរងរបួសស្រាលខណៈដែលកំពុងភ្ជួរដីចំការ ក៏ប៉ះចំមីនតោនមួយគ្រាប់ផ្ទុះ តែសំណាងល្អគ្រាន់តែរងរបួសស្រាល ដែលអាជ្ញាធរ និងសមត្ថកិច្ច អះអាងថា ជាមីនតោនដែលនៅសល់ពីសម័យសង្គ្រាមខ្មែរក្រហម(ប៉ុលពត) តំបន់អន្លង់វែង។
សមត្ថកិច្ចស្រុកអន្លង់វែង បានអោយដឹងថា ករណីផ្ទុះមីនតោននេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចចំការមួយកន្លែង ខាងលិចភូមិចំងាយ២០០ម៉ែត្រ ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបណ្តាលអោយត្រាក់ទ័រ ១គ្រឿងរងការខូចខាតទាំងស្រុង និងអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ឆាន ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង រងរបួសស្រាល ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់ថា ករណីផ្ទុះមីនតោន ដែលគ្រាប់នៅសល់ពីសម័យសង្គ្រាមខ្មែរក្រហម ព្រោះនៅតំបន់អន្លង់វែង គឺជាសមរភូមិសង្គ្រាម ចុងក្រោយបង្អស់ ហើយក៏ជាភូមិសាស្រ្តមួយដែលសំបូរគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលគេច្នៃកប់ក្នុងដីជ្រៅ ហើយគ្រាប់យុទ្ធភ័ណ្ឌទាំងនោះដែលកប់ក្នុងដីជាច្រើនឆ្នាំក៏នៅមានប្រសិទ្ធិភាពផ្ទុះ បើទោះបីជាមានតំបន់មួយចំនួន គេអាស្រ័យផលធ្វើស្រែ ធ្វើចំការអស់រយៈពេលជាច្រើនឆ្នាំក្តី តែនៅពេលប៉ះចំគ្រាប់ទាំងនោះ នឹងមានគ្រោះថ្នាក់កើតឡើងគ្រប់ពេលវេលា។
ដោយ៖ផុន បេនផរ(កែសម្រួលដោយ មណ្ឌល កែវ)






