នៅចុងសប្តាហ៍នេះ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុប្រមាណជិត ១៦ម៉ឺននាក់ មានការកើនឡើងក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រួចមក។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងតាមទំព័រហ្វេសប៊ុកថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត១៦ម៉ឺននាក់ ក្នុងនោះមកលេងកម្សាន្តនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ សរុបប្រមាណជិត ៥ម៉ឺននាក់ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២មានចំនួនសរុប ១១ម៉ឺននាក់។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានកំណើនភ្ញៀវទេសចរកើនឡើង គឺក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ៕







