ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង ៨និង៣០ព្រឹក ថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កម្លាំងចម្រុះបានចុះធ្វើកោសល្យវច័យ ករណីប្ដីកាប់សម្លាប់ប្រពន្ធ រួចទាញខ្សែគោចងកធ្វើអត្តឃាតខ្លួនឯងជាក្រោយ ដែលគេសង្ស័យថា ផ្ដើមចេញដោយសារភ្លើងប្រចណ្ឌ ។
ប្រភពព័ត៌មានពីកម្លាំងចម្រុះ ចុះប្រតិបត្តិការខាងលើ បាននិយាយឲ្យដឹងថា ករណីនេះកើតឡើងដោយជនសង្ស័យជាប្តី ឈ្មោះ ពុំ មុត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុខាងលើ មានទំនាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធ ឈ្មោះ សែម ផាត អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំជាដដែល រួចក៏បានយកពូថៅដៃ កាប់លើជនរងគ្រោះជាប្រពន្ធ ត្រូវជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពីកាប់សម្លាប់ប្រពន្ធរួចរាល់ ជនដៃដល់ដែលជាប្តី បានយកខ្សែគោទៅចងកសម្លាប់ខ្លួនឯង នឹងដើមក្រូចក្បែរផ្ទះ។
ប្រភពបានបន្តទៀតថា ក្រោយសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ក៏សន្និដ្ឋានបានថា ករណីនេះ មូលហេតុបណ្ដាលមកពីប្ដីប្រច័ណ្ឌប្រពន្ធ។ ក្រោយមកកម្លាំងជំនាញក៏ធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យតាមព្រពៃណី៕










