ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុបានអះអាងថា នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែធ្នូ ម្សិលមិញនេះ មានភ្លៀងមួយមេធំ លាយឡំដោយផ្គររន្ទះ ដូចភ្លៀងរដូវវស្សា បណ្តាលឱ្យតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ ត្រូវលិចលង់ដោយទឹកភ្លៀងធ្ងន់ធ្ងរ។
តាមរូបថតមួយចំនួន ដែលពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានផ្ញើរ និងបង្ហោះតាមបណ្តាញសង្គហ្វេសប៊ុក នៅល្ងាចច័ន្ទនេះបង្ហាញថា ទឹកភ្លៀងបានជន់លិចផ្លូវថ្នល់ និងផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលស្ថិតក្នុងទីទំនាបមានដូចជា៖ នៅផ្លូវកែងម្តុំជិតតុលាការចាស់ ក្នុងសង្កាត់លេខ៤ ស្ពានអូរសំអាត ក្នុងសង្កាត់លេខ៣ និងតំបន់មួយចំនួនទៀត តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក៏មានទឹកភ្លៀងជន់លិចដែរ។
ក្នុងនោះមានយានយន្តខ្លះ ក៏បានរលត់ជាប់ក្នុងទឹក ឬបើកធ្លាក់ចូលប្រឡាយលូបង្ហូរទឹកជាដើម។
ជំនន់ទឹកភ្លៀងខាងលើនេះ ក៏បានបណ្តាលឱ្យខូចខាតសម្ភារៈប្រើប្រាស់់របស់ប្រជាពលរដ្ឋ និងសម្បត្តិសាធារណៈរបស់រដ្ឋមួយចំនួនផងដែរ រួមមាន៖ ខូចរបាំងចែកទ្រូងផ្លូវ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ដែលត្រូវទឹកលិចមួយចំនួនទៀត៕ មនោរៀ






