ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា កាលពីអំឡុងម៉ោង០៩ និង២០នាទី ព្រឹក មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅលើភ្នំគិរីរម្យហើយទឹកបានហូរធ្លាក់យ៉ាងកំហុគ បណ្តាលអោយបាក់ទំនប់មួយខ្សែរចំនួន១២ម៉ែត្រ បណ្តោយ១២០ម៉ែត្រ ស្ថិតនៅចំណុចភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អាជ្ញាធរស្រុកបានបន្តទៀតថា ហើយបន្ទាប់ពីធ្វើការរាយការណ៍ទៅអាជ្ញាធរខេត្តភ្លាមៗនោះ មានសេចក្តីរាយការណ៍បន្ទាន់ថា មានក្មេងៗដែលឃ្វាលគោនៅទីនោះចំនួន១០នាក់ បានរត់គេចចេញពីចំណុចកើតហេតុ ខ្លះឡើងដើមឈើតោងមែកឈើ ប៉ុន្តែមិនមានគ្រោះថ្នាក់ក្មេងៗទាំងអស់នោះឡើយ ហើយក្នុងនោះក៏មានភ្ញៀវទេសចរណ៍ ជាជនបរទេសចំនួន៣នាក់ ស្រី២នាក់ផងដែរ នៅក្នុងហេតុការណ៍នោះ តែពេលនេះបានត្រឡប់មកវិញដោយសុវត្ថិភាពអស់ហើយ។
ហើយភ្លាមៗនោះផងដែល ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ក៏បានបញ្ជាឲ្យគ្រប់ជំនាញ ចុះជួយបន្ទាន់ដើម្បីស្វែងរកក្រុមក្មេងទាំង១០នាក់ ព្រមជាមួយជនបរទេសផងដែរ តែរសៀលថ្ងៃនេះ ពួកគេបានរួចផុតពីគ្រោះថ្នាក់វិញអស់ហើយ។
ក្រុមអាជ្ញាធរបានឲ្យដឹងថា ករណីបាក់ទំនប់នេះ មូលហេតុដោយសាតែកាលពីយប់មានភ្លៀងខ្លាំង ដែលជាហេតុបណ្តាលឲ្យទឹកហូរខ្លាំង ធ្លាក់ចុះមកពីលើភ្នំគិរីរម្យ ដែលទំនប់មិនអាចការពារបាន បណ្តាលឲ្យបាក់តែម្តងទៅ។ ពេលនោះឯកឧត្តមអភិបាលខេត្ត អភិបាលស្រុក និងមន្ត្រីតាមបណ្តាលមន្ទីរជុំវិញខេត្តអមដំណើរផងដែល ចុះទៅពិនិត្យ និងទប់ស្កាត់ទំនប់នោះ ដើម្បីកុំអោយបាក់បន្តទៅទៀត៕ អ៊ុ ណូន






