ភ្នំពេញ ៖ បង្គោលភ្លើងបំពាក់ខ្សែរកាប្លិ៍មួយដើម បានដួលរលំនៅពេលភ្លៀងធ្លាក់ខ្លាំង ហើយបានឆក់មេក្របីមួយក្បាលបណ្តាលអោយងាប់នៅកណ្តាលវាលស្រែ។
ហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិកាកាប១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ទោះបីជាយ៉ាងណា ពុំមានមនុស្សណាម្នាក់រងគ្រោះដោយសារតេខ្សែកាប្លឹ៍ នោះឆក់ឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា នៅព្រឹកនោះ ម្ចាស់ បានយកក្របីទៅចងអោយស៊ីស្មៅ នៅកណ្តាលវាលស្រែហើយ ស្រាប់តែបង្គោលភ្លើងមួយដើម បានស្រុតដីដួលរលំនៅពេលភ្លៀងធ្លាក់ និងបានធ្លាក់ខ្សែភ្លើងមកដី បណ្តាលអោយឆក់ក្របីមួយក្បាលងាប់ ។
តាមព័ត៌មានអោយដឹងថា នៅព្រឹកនោះ ប្រជាពលរដ្ឋ ក៍បានរាយការណ៍ទៅនគរបាល និងមន្ត្រីអគ្គីសនី ហើយខាងជំនាញបានមកផ្តាច់ចរន្ត និងបានយករថយន្ត ទៅស្ទួចលើកបង្គោលភ្លើងនោះឡើងវិញ។ ចំពោះ ក្របីមួយក្បាល ដែលបានងាប់ ត្រូវបានប្រគល់អោយម្ចាស់ យកទៅលក់៕ ម៉េង ធា








