ខេត្ដរតនគិរី ៖ នគបាលស្រុកកូនមុំ បានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីស្រ្តីម្នាក់ឈ្មោះ វ៉ា សុផុន តេតាមទូរស័ព្ទ ប្រាប់ថា មានចោរលួចម៉ូតូរបស់គាត់ចេញពីផ្ទះ ហើយពួកគាត់កំពង់ដេញតាម កម្លាំងប៉ូលិសអធិការស្រុក សហការជាមួយកម្លាំងប៉ុសិ៍ត ឃុំស្រែអង្គង ក៍បានចេញដេញតាមដែរ និងប្រជាពលរដ្ឋជួយដេញរហូតដល់ជាង 10គីឡូម៉ែត្រ ទើបដេញទាន់ចាប់បាន។
បើតាមសំដីរបស់ស្រ្តីជាម្ចាស់ម៉ូតូ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានចតម៉ូតូនៅមុខផ្ទះ រួចដកសោរចេញពីម៉ូតូ យកមកទុកនៅលើគ្រែក្រោមផ្ទះ ក្បែរម៉ូតូ គាត់ក៍យកខោ អាវ ទៅបោក នៅខាងក្រោយផ្ទះ រួចជនសង្ស័យក៏បានចូលមកយកសោរ ចាក់ជិះចេញទៅ តែជាសំណាងល្អ គាត់ងាកមកឃើញទាន់ ហើយបានស្រែកឆោឡោ ដឹងដល់អ្នកជិតខាង និងតេប្តឹងសមត្ថកិច្ចប៉ូលិសស្រុកកូនមុំ ដេញចាប់បាន
ភ្លាមៗផងដែរ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ លី ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកទ្រីមសង់ 016 ពណ៍ខ្មៅ ពាក់ស្លាកលេខ រតនគីរី 1C.8344 ។
ក្រោយពីសមត្ថកិច្ចចាប់បាន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពនេះពិតមែន ហើយតែម្នាក់ឯងទេ ដោយមកស្នាក់នៅក្នុងស្រុកកូនមុំ៣ខែហើយ មកធ្វើជាកម្មករ អោយគេ ហើយខ្លួនធ្លាប់ធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តក្រចេះ ជាច្រើនលើកមកហើយ តែមិនដែលសមត្ថកិច្ចចាប់បាននោះទេ ទើបមកដល់នៅថ្ងៃទី29 ខែសីហា ឆ្នាំ2018 នេះ អស់ល័ក្ខត្រូវសមត្ថកិច្ចនគបាលស្រុកកូនមុំ ចាប់ខ្លួនបាន បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ កេត សុធី