ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជិតមួយលាននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅក្នុងខេត្ត កាបូ ឌីលហ្គាដូ (Cabo Delgado) ភាគខាងជើងប្រទេសម៉ូសំប៊ិក ដែលរងគ្រោះដោយជម្លោះ ចាប់តាំងពីអំពើហិង្សាខ្លាំងបានផ្ទុះឡើងនៅទីនោះកាលពីប្រាំឆ្នាំមុន។
UNHCR បាននិយាយថា តួលេខចុងក្រោយរបស់ខ្លួនបានបង្ហាញថា មនុស្ស៩៤៦,៥០៨ នាក់ត្រូវបានផ្លាស់ទីលំនៅនៅឆមាសទីមួយនៃឆ្នាំនេះ ដោយចង្អុលបង្ហាញថា ជម្លោះមិនទាន់បានធូរស្រាលទេ។
មនុស្សរាប់ពាន់គ្រួសារនៅតែបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ដោយសារតែការវាយប្រហារដោយក្រុមប្រដាប់អាវុធមិនមែនរបស់រដ្ឋ។
ជម្លោះបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០១៧ នៅពេលក្រុមសកម្មប្រយុទ្ធក្នុងស្រុក បានបើកការបះបោរប្រដាប់អាវុធប្រឆាំងនឹងរដ្ឋ ដោយបានធ្វើឱ្យខេត្តនេះធ្លាក់ចូលទៅក្នុងអសន្តិសុខយ៉ាងជ្រៅ។
UNHCR ក៏បានកត់សម្គាល់ផងដែរថា ជម្លោះបានហក់ចូលទៅក្នុងខេត្តជិតខាងនៃ ណាមពូឡា (Nampula) ដោយក្រុមប្រដាប់អាវុធក្នុងខែកញ្ញា ប៉ះពាល់ដល់មនុស្សយ៉ាងហោចណាស់៤៧,០០០ នាក់ និង១២,០០០ភៀសខ្លួន។
ជនភៀសខ្លួនប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារពួកគេជួបបញ្ហាកង្វះអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ កង្វះទីជម្រក និងបញ្ហាសុខភាព។
ទីភ្នាក់ងារនេះ បានអំពាវនាវឱ្យផ្តល់មូលនិធិដើម្បីបំពេញកាតព្វកិច្ចមនុស្សធម៌របស់ខ្លួនចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដើម្បីជៀសវាងការរងទុក្ខបន្ថែមទៀត៕
បកប្រែដោយ រម៉ាម វ៉ុង






