
សេវាកម្មការពារស៊ីវិល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជិត២០០ នាក់ បានបាត់បង់ជីវិត និងរងផលប៉ះពាល់ជាងមួយភាគបួននៃមួយលាននាក់នៅក្នុងរដ្ឋអាហ្រ្វិកខាងលិច នៃប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ទឹកជំនន់នៅរដូវវស្សានេះបានឆក់យកជីវិតមនុស្ស ១៩២នាក់ ប៉ះពាល់មនុស្សជាង២៦៣.០០០ នាក់ និងបានបំផ្លាញផ្ទះជាង៣ម៉ឺនខ្នង ព្រមទាំងថ្នាក់រៀន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងហាងលក់គ្រាប់ធញ្ញជាតិផងដែរ។ នៅឆ្នាំ២០២១ មនុស្ស៧០ នាក់បានស្លាប់ និង២០ម៉ឺន នាក់បានរងផលប៉ះពាល់ ហើយចំនួនអ្នកស្លាប់ក្នុងឆ្នាំ២០២០ មានចំនួន ៧៣ នាក់ផងដែរ។
លោក ខេធីលូ ហ្គាបតា ឡាវ៉ាន់ (Katiellou Gaptia Lawan) ប្រធានទីភ្នាក់ងារឧតុនិយមជាតិបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក្នុងឆ្នាំនេះ គឺស្របទៅនឹងគំរូនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិបាននិយាយកាលពីខែកក្កដាថា មនុស្សជាង ៤.៤លាននាក់ ច្រើនជាងមួយភាគប្រាំនៃចំនួនប្រជាជនបានធ្លាក់ចូលទៅក្នុងប្រភេទនៃអសន្តិសុខស្បៀង ធ្ងន់ធ្ងរផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង


