
អ្នកគាំទ្ររាប់ពាន់នាក់នៃបព្វជិតនិកាយស៊ីអ៊ីតដ៏មានឥទ្ធិពល លោក ម៉ូកតាដា អាល់សសាដ (Moqtada al-Sadr) បានសម្រុកចូលអគាររដ្ឋាភិបាលសំខាន់ៗក្នុងរដ្ឋធានី បាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ដោយបានបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងសាហាវភ្លាមៗកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីលោក អាល់សាដ (al-Sadr) បាននិយាយថា លោកនឹងលាឈប់ពីនយោបាយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា មានមនុស្សជិត ២០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបាញ់ព្រមាន រួមជាមួយនឹងធុងហ្គាសបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ដែលបានសម្រុកចូលបរិវេណនោះ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ាស់តាហ្វា អាល់កាឌីមីដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងអ៊ីរ៉ាក់ បានបញ្ជាឱ្យកងកម្លាំងសន្តិសុខ ជៀសវាងការប្រើគ្រាប់កាំភ្លើងពិត ទៅលើក្រុមបាតុករ និងបើកការស៊ើបអង្កេតលើអ្នកស្លាប់ និងរបួសនៅក្នុងការប៉ះទង្គិចគ្នា។
ប្រមុខអង្គការសហប្រជាជាតិ លោក អានតូនីវ ហ្គាត់ថឺរីស (Antonio Guterres) បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ដោយជំរុញឱ្យតួអង្គពាក់ព័ន្ធទាំងអស់ចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងនេះជៀសវាងការប្រើអំពើហិង្សា។ ហើយជម្លោះនយោបាយនេះ បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះរវាងលោកអាល់សេដ (al-Sadr) និងគូប្រជែងរបស់លោកក្នុងក្របខ័ណ្ឌសម្របសម្រួល (CF) ដែលជាក្រុមឆ័ត្រនៃគណបក្ស សភានិកាយស៊ីអ៊ីត៕
បកប្រែដោយ រម៉ាម វ៉ុង


