
កូឡុំប៊ី៖ យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួសនៅពេល រថយន្តក្រុងមួយបានក្រឡាប់នៅលើផ្លូវ Pan-American Highway នៅភាគនិរតីនៃប្រទេសកូឡុំប៊ី។
រថយន្តក្រុងនេះកំពុងធ្វើដំណើរនៅចន្លោះរវាងទីក្រុងកំពង់ផែធូម៉ាកូ (Tumaco) នៅជ្រុងភាគនិរតីនៃប្រទេសកូឡុំប៊ី និងទីក្រុងកាលី ចម្ងាយ៣២០គីឡូម៉ែត្រ ទៅភាគឦសាននៅពេលឧប្បត្តិហេតុបានកើតឡើងកាលពីថ្ងៃសៅរ៍។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រងបន្ទាប់ពីចេញពីផ្លូវកោងក្នុងតំបន់អ័ព្ទ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេកំពុងសម្លឹងមើលការបរាជ័យមេកានិច អាចកើតមាននៅក្នុងប្រព័ន្ធហ្វ្រាំងដែលជាមូលហេតុនៃគ្រោះថ្នាក់។
គួរបញ្ជាក់ថា បុគ្គលិកជួយសង្គ្រោះមកពីនាយកដ្ឋានប៉ូលិស និងនាយកដ្ឋានពន្លត់អគ្គិភ័យត្រូវចំណាយពេល៩ម៉ោង ដើម្បីសង្គ្រោះអ្នករបួសនិងជម្លៀសអ្នកស្លាប់ចេញ៕
ប្រែសម្រួលដោយ ប៊ុន សុភាព
