ហ្សាការតា៖ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB) បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សបីនាក់បានស្លាប់បន្ទាប់ពីការរអិលបាក់ដីបានកប់ផ្ទះរបស់ពួកគេ នៅលើជម្រាលភ្នំកម្ពស់៣ ម៉ែត្រក្នុងខេត្ត ឡាំពុង(Lampung )លើកោះស៊ូម៉ាត្រា។
អ្នកនាំពាក្យរបស់ BNPB លោក អាមាដ មូហារី (Ahmad Muhari) បាននិយាយថា ការបាក់ដីបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបោកបក់តំបន់នេះពីព្រឹកថ្ងៃសៅរ៍ដល់ល្ងាច ហើយក្រុមស្វែងរកនិងជួយសង្គ្រោះបានរកឃើញសាកសពចំនួនបីនាក់កាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) ព្យាករណ៍ថាភ្លៀងធ្លាក់ខ្លាំងនឹងនៅតែមានសក្តានុពលនៅក្នុងតំបន់ភាគច្រើននៃភាគខាងត្បូងកោះស៊ូម៉ាត្រារហូតដល់ថ្ងៃអង្គារ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី(BNPB)ក៏ស្នើឱ្យប្រជាជននៅឆ្ងាយពីទន្លេហើយអ្នកដែលរស់នៅជុំវិញតំបន់ភ្នំត្រូវជម្លៀសចេញជាបណ្តោះអាសន្ន៕
ប្រែសម្រួលដោយ ប៊ុន សុភាព






