ថៃ៖ អតីតប៉ូលីសម្នាក់ បានសម្លាប់មនុស្សយ៉ាងហោច ណាស់៣៨នាក់រួមទាំងកុមារ២៤នាក់ នៅក្នុងការបាញ់ ប្រហារ និងកាំបិតនៅមជ្ឈមណ្ឌលថែទាំកុមារមួយក្នុងខេត្តណុងប៊ូឡាំភូ (Nong Bua Lamphu) ភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ូលីសបាននិយាយថា ជនបង្កក៏បានបាញ់សម្លាប់ប្រពន្ធ និងកូននៅផ្ទះរបស់គាត់ មុនពេលសម្លាប់ខ្លួនតាមក្រោយ។ ប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាអតីតសមាជិក នៃកងកម្លាំងដែលត្រូវបានបណ្តេញចេញពីមុខតំណែង កាលពីឆ្នាំមុនជុំវិញការចោទប្រកាន់គ្រឿងញៀន។ ប៉ូលិសបាននិយាយថា ជនបង្កកំពុងប្រឈមមុខនឹងការកាត់ទោសលើបទចោទ ប្រកាន់គ្រឿងញៀន ដែលនឹងត្រូវប្រឈមមុខនឹងសាលក្រមនៅថ្ងៃសុក្រនេះ។ ជនបង្កក៏បានស្ថិតនៅក្នុងតុលាការប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការបាញ់ប្រហារនេះ។ អគ្គស្នងការនគរបាលជាតិបាននិយាយថា កាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារនោះគឺជាកាំភ្លើងខ្លី ប្រហែង៩ ម.ម ដែលកាន់កាប់ដោយស្របច្បាប់។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានមនុស្ស១២នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមាន៨នាក់របួសធ្ងន់ធ្ងរ។ មូលហេតុនៃការវាយប្រហារនេះមិនទាន់ដឹងនៅឡើយទេ។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានបញ្ជាឱ្យមេបញ្ជាការប៉ូលិសមូលដ្ឋានតាមដានការស៊ើបអង្កេតភ្លាមៗលើការវាយប្រហារនេះ។លោកក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






