ខេត្តកំពង់ឆ្នាំង ៖ យោងរបាយការបឋម របស់ អធិការនគរបាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអោយដឹងថា មានករណី ពុលនំប៉័ងសម្លការី បណ្តាលអោយមនុស្សជាង១០នាក់ ក្នុងនោះភាគច្រើនជាកុមារ ហើយត្រូវបានដឹកទៅសង្គ្រោះនៅ មណ្ឌលសុខភាព និងបន្តដឹកមកមន្ទីរពេទខេត្តកំពង់ឆ្នាំង បន្តទៀត ។ ហេតុការណ៍ នេះបានកើតឡើងនៅវេលាល្ងាចថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស។
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ លោក ខែម វិបុល អធិការនគរបាល ស្រុកទឹកផុស បានបញ្ជាក់ថា ពិតជាមាន ករណីពុល នំប៉័ងសម្លការីពិតមែន ដោយប្រជាពលរដ្ឋនៃគ្រួសារមួយមានប្តីឈ្មោះ ឌឹប ប្រពន្ឋឈ្មោះ នី មានទីលំនៅភូមិឃុំ ខាងលើ បានរៀបធ្វើពិធី ជប់លៀង ពេលកូនចៅប្រឡងជាប់បានចេញទៅធ្វើការនៅប្រទេសកូរ៉េ ហើយក៍បានពុល និងដឹក ទៅមណ្ឌលសុខភាព ក្តុល ប៉ុន្តែដោយស្ថានភាពមិនធូរស្បើយក៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ដោយឡែក ប្រភពពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វិញ លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ព្រឹកថ្ងៃទី២៩ ខែឧសភានេះថា អ្នករងគ្រោះដោយសារពុលយកពីឃុំជៀប ស្រុកទឹកផុស មានចំនួនកើនឡើង ១៣នាក់ហើយ ក្នុងនោះមានមនុស្សចាស់ 5 នាក់និងក្មេង 8 នាក់។
ជុំវិញបញ្ហានេះដែរ លោក ម៉ម ម៉ាឡៃ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថាក្រោយពេលកើតហេតុ លោកបាន ចុះស្រាវជ្រាវនិងពិនិត្យដល់កន្លែងកើតហេតុ បានដាក់ការសង្ស័យថា គឺបណ្ដាលមកពីពួកគាត់ហូបអាហារផ្អូម ព្រោះនៅផ្ទះ ខាងលើមានរៀបចំពិធីសូត្រមន្តដោយធ្វើម្ហូបសម្លការីទុកតាំងពីល្ងាចថ្ងៃទី 26 លុះស្អែកឡើងថ្ងៃទី27 ខែឧសភា ទើបរៀបចំ ទទួលទានអាហារទាំងនោះ ប៉ុន្តែអាហារដែលសង្ស័យជាងគេគឺសម្លការីដែលពួកគាត់បានបន្តហូបរហូតដល់ល្ងាចថ្ងៃទី 27 លុះទាបភ្លឺថ្ងៃទី២៨ ខែឧសភា បានចាប់ផ្ដើមមានអាការ ចុក រាគក្អួត និងការឡើងកម្ដៅខ្លាំង។
លោកបានបញ្ជាក់ថាសម្លការីឬសម្លខ្ទិះងាយនិងឆាប់បំផុតជាងម្ហូបដទៃ។ យ៉ាងក្ដីនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោកគ្រូពេទ្យប្រាប់ថា មិនមាននរណាម្នាក់បានរងគ្រោះធ្ងន់ធ្ងរនោះទេហើយក៏មានខ្លះបានធូរស្បើយខ្លះដែរ៕ ពៅ សុខហ៊ាន








