អង្គការសុខភាពពិភពលោក (WHO) បានចេញនូវសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៦០ នាក់បានស្លាប់ដោយសារជំងឺកញ្ជ្រឹលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈ ពេលប្រាំមួយខែកន្លងមកនេះ។
យោងតាមរបាយការណ៍នេះ ក្នុងពេលបច្ចុប្បន្ន មនុស្ស ៣៦ ៦១៨ នាក់បានឆ្លងជំងឺនេះ ហើយអ្នកស្លាប់ចំនួន ១៦០ នាក់ត្រូវបានចុះបញ្ជី ដែលក្នុងនោះ ៨១,១ ភាគរយនៃករណីសង្ស័យនៃជំងឺកញ្ជ្រឹលគឺជាកុមារដែលមានអាយុក្រោម៥ ឆ្នាំ ហើយ ៤៥ ភាគរយនៃពួកគេជាស្ត្រី។
កង្វះការយល់ដឹងអំពីជំងឺកញ្ជ្រឹល កង្វះលទ្ធភាពចូលទៅកាន់មណ្ឌលសុខភាព ការមិនចាក់ថ្នាំបង្ការដល់កុមារ និងការធ្វើចំណាកស្រុករបស់ជនជាតិអាហ្វហ្គានីស្ថានពីកន្លែងមួយទៅកន្លែងមួយទៀត គឺជាកត្តានៃការកើនឡើងនៃជំងឺនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៃប្រទេសអាហ្វហ្គានីស្ថាន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






