ខេត្តកណ្តាល ៖ ដើម្បីចូលរួមចំណែកថែទាំសុខភាព និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋតាមរយះជំនាញរបស់ខ្លួន លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល និងមន្ត្រីមន្ទីរពាណិជ្ជកម្ម ដោយបានសហការជាមួយ សន្តិសុខផ្សារ បានចុះពិនិត្យមុខទំនិញ នៅផ្សារអង្គស្នួល និងផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យមុខទំនិញ ដែលអាជីវករកំពុងបំរើសេវាកម្មជូនប្រជាពលរដ្ឋលោក អ៊ូ ម៉ានរិន បានធ្វើការផ្សព្វផ្សាយ សារៈសំខាន់នៃសុវត្ថិភាពចំណីអាហារដែលជាសារធាតុចាំបាច់ក្នុងការទ្រទ្រង់រាងកាយរបស់មនុស្ស ហើយតាមរយៈ ចំណីអាហារដែលប្រជាពលរដ្ឋបរិភោគរាល់ថ្ងៃនេះ នឹងធ្វើអោយប្រជាពលរដ្ឋមានសុខភាព និងរាងកាយមាំមួន បើគាត់ ពិសារចំណីអាហារដែលមានសុវត្ថិភាព មិនមានជាតិពុល។លោកប្រធានសាខាកាំកុងត្រូល បានស្នើអោយអាជីវករ និង បងប្អូនលក់លើតូបឫកញ្ជ្រែង ត្រូវមានឆន្ទះក្នុងការលក់ដូរតែចំណីអាហារ ដែលគ្មានជាតិគីមីបន្សល់ទុកលើបន្លែ ឫទំនិញ ហួសការបរិច្ជេទនៃការប្រើប្រាស់ បញ្ហានេះនាំអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅពេលយកទៅបរិភោគ។
លោក អ៊ូ ម៉ានរិន បានបញ្ជាក់បន្ថែមទៀតថា ដើម្បីធានាបានសុវត្ថិភាពចំណីអាហារក្នុងការបរិភោគរបស់ប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូល តែងតែចុះពិនិត្យទំនិញនៅតាមផ្សារក្នុងខេត្ត ដោយអនុលោមតាមច្បាប់អនុក្រិត ស្តីពី ច្បាប់គ្រប់គ្រង សុខភាព សុវត្ថិភាពចំណីអាហារ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យទំនិញ ចម្រុះនៅលើទីផ្សារក្នុងដែនសមត្ថកិច្ច។
ក្រុមការងារ បានធ្វើការពិនិត្យរកសារធាតុ (Borak) ទៅលើទំនិញ សាច់ក្រក ប្រហិត និងត្រីងៀត ចំនួន៦គំរូ តេស្តរក សារធាតុគីមី (Acidsalicylic) ទៅលើជ្រក់គ្រប់ប្រភេទ និងតេស្តរកសារធាតុ (Famalin) ជាលទ្ធផល ក្នុងការធ្វើតេស្ត ក្រុមការងារ ពុំបានរកឃើញនូវសារធាតុគីមីដែលនាំអោយប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ និងបានចែក ខិតប័ណ្ណអប់រំស្តីពីចំណីអាហារជូនដល់អាជីវករដែលគាត់លក់ដូរតាមផ្ទះជុំវិញផ្សារ និងប្រជាពលរដ្ឋផងដែរ។ ដោយ ដាំ ជា










