
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។
ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Takashi Okami ប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាស៊ូហ្គី និងលោក Kusunoki Rissei ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជ កម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី បានរៀបចំតុបតែងបានយ៉ាងល្អ និងមានភាពទាក់ទាញ ដោយបានដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងផ្តល់នូវព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន វិនិយោគិន និងប្រជាជនជប៉ុន។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្មឱ្យបន្តរៀបចំសកម្មភាពនានាដែលផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តមបានស្នើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា -ជប៉ុន ជំនួបពាណិជ្ជកម្ម និងជួយសម្របសម្រួលជូនវិនិយោគិន និងធុរជនជប៉ុន ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា៕
