ខេត្ដសៀមរាប ៖ បុរសម្នាក់ជាមន្ត្រីនគរបាលប៉ុស្ដិ៍គោកចក ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពចាក់បណ្តាលឲ្យស្លាប់ភ្លាមៗ។
ករណីឃាដកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ០៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ បង្ករឡើងដោយជនសង្ស័យពុំស្គាល់មុខ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ ចំនួន១០កាំបិត គឺចំពោះចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះ និងជនសង្ស័យ អាចមានគំនុំនឹងគ្នា ទើបឈានដល់ធ្វើឃាត។ ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ជា ស្រស់









