មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានរកឃើញម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) សរុបចំនួន ១៤៥ កំប៉ុង និងបានណែនាំឱ្យម្ចាស់តូប និងផ្ទះលក់ទំនិញខាងលើដែលមានដាក់តាំងលក់នូវម្សៅទឹកដោះគោម៉ាកនូទ្រីលែត (Nutrilatt) បញ្ឈប់ការចរាចរបណ្តោះអាសន្ន។ មន្ត្រីជំនាញ ក.ប.ប. ខេត្តកំពង់ស្ពឺ បានបញ្ជាក់ជូនដល់ក្រុមអាជីវករ ទាំងអស់ឱ្យបានយល់ច្បាស់អំពី ច្បាប់បទបញ្ញាតិពាក់ពន្ធ័ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពល រដ្ឋ។

ការណែនាំនេះធ្វើឡើងកាលពីម្សិលម៉ិញ គ្រាដែលមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សហការពីមន្ត្រីមន្ទីរពាណិជ្ជ កម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញ និងម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារម៉ាកនូទ្រីលែត (Nutrilatt) តាមបណ្តាផ្សារ ម៉ាត និងផ្ទះលក់ទំនិញមួយ ចំនួន ស្ថិតក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យលើទំនិញសម្រាប់ប្រគេនព្រះសង្ឃ (សាដក) រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ៕
វណ្ណា






