(ខេត្តព្រះវិហារ,ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១)៖ សកម្មភាពកាប់ផ្តួល អារ ពុះ ជ្រៀកដើមឈើតូចធំគ្រប់ប្រភេទ និងការដឹកជញ្ជូនឈើយកទៅធ្វើជំនួញល្មើស ច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខូច ត្រូវគេឃើញ នៅតែបន្តកើតមានស្ទើរជា រៀងរាល់ថ្ងៃ កត្តានេះបានញ៉ាំងឲ្យក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលដឹកនាំដោយ លោកជា សម្បត្តិ បានបន្តចុះល្បាតការពារព្រៃទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើ និងដើម្បីរក្សាបាននូវធនធានព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។
ជាក់ស្តែង នៅយប់ថ្ងៃទី១៥ឧសភាឆ្នាំ២០២១ រៀងរាល់ថ្ងៃ ចុងសប្តាហ៍មកនេះ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញ ក្រុមឈ្មួញមួយក្រុម កំពុងកាប់ និងដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
អនុប្រធានឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប លោក ជា សម្បត្តិ បានថ្លែងឲ្យដឹង នៅថ្ងៃទី១៧ឧសភានេះថា ដើមឈើប្រណិតគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងដែនឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែរងការលបលួចចូលកាប់បំផ្លាញ អារ ពុះជ្រៀកជាស៊ីឡាំង ៤ជ្រុង និងជាឈើសន្លឹក និងការដឹកជញ្ជូនយកទៅធ្វើជំនួញដោយខុសច្បាប់ ពីសំណាក់ឈ្មួញមួយក្រុម ដែលសកម្មភាពនេះ តែងបានកើតឡើងស្ទើរជារៀងរាល់យប់ និងរាល់ថ្ងៃ។
លោក ជា សម្បត្តិ បានថ្លែងឲ្យដឹងទៀតថា ក្រោមការចង្អុលបង្ហាញពី ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម បណ្ឌិត សុខ ទូច ឲ្យមន្ត្រីនៃក្រុមការងារឧទ្យាន ពង្រឹងការចុះល្បាតឲ្យបានជាប់ជាប្រចាំនោះ លោកដែលជាអនុប្រធានឧទ្យាន តែងបានដឹកនាំក្រុមការងារចុះល្បាតជារៀងរាល់យប់ថ្ងៃ ហើយតែងបានប្រទះឃើញ ក្រុមជនខិលខូចលបលួចចូលកាប់ និងដឹកជញ្ជូនឈើ ដើម្បីនាំយកទៅធ្វើជំនួញ។ លោកថា ខណៈក្រុមមន្ត្រីចុះទៅដល់ទីនោះ ក្រុមឈ្មួញបាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបានបន្សល់ទុកនៅតែវត្ថុតាងបទល្មើស មានគោយន្តកន្ត្រៃ ម៉ូតូ និងឈើប្រណិតជាច្រើនកំណាត់ផងដែរ។
ជាក់ស្តែង នៅយប់ថ្ងៃទី១៥ឧសភាឆ្នាំ២០២១ កម្លាំងឧទ្យានបានចុះល្បាតព្រៃ និងបានប្រទះឃើញក្រុមនេះ ហើយពួកគេបានរត់គេចខ្លួនបាត់អស់ និងក្រុមមន្ត្រីឧទ្យាន បានធ្វើការរឹបអូស ប្រមូលយកវត្ថុតាងបទល្មើស មានគោយន្តកន្ត្រៃ ១គ្រឿង ម៉ូតូ ១គ្រឿង និងឈើប្រណិត ប្រភេទធ្នង់ ២៦កំណាត់ នាំយកទៅរក្សាទុក នៅស្នាក់ការឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឬស្សីត្រឹប ទុកជាភស្តុតាង។ លោកបន្តថា ប្រសិនបើប្រជាពលរដ្ឋ ឬជនល្មើស នៅតែបន្តលបលួចចូលកាប់ឈើបែបនេះទៀត នោះដែនព្រៃឧទ្យានជាតិ ប្រាកដជាហិនហោចអស់ ក្នុងពេលណាមួយមិនខានឡើយ ។
លោក ជា សម្បត្តិ បានបញ្ជាក់ថា កាលពីយប់ថ្ងៃ១២ឧសភាកន្លងមកនេះ មានមនុស្ស ៥នាក់ ជិះគោយន្ត១គ្រឿង ចូលមកក្នុងដែនឧទ្យាន ហើយបានលបលួចប្រើប្រាស់អាវុធច្នៃ បាញ់មកលើមន្ត្រីឧទ្យានុរក្ស ដែលកំពុងល្បាតព្រៃ ចំនួន ២គ្រាប់ ផ្ទុះ១គ្រាប់ និងមិនផ្ទុះ១គ្រាប់ តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់នោះទេ ដោយសារក្រុមមន្ត្រី ក្រាបពួននៅក្នុងរណ្តៅដី បានទាន់ពេលវេលា។
លោកបញ្ជាក់ទៀតថា នៅរយៈកាលកន្លងមក ថ្នាក់ដឹកនាំឧទ្យាន ធ្លាប់បានចុះធ្វើបទបង្ហាញ ពន្យល់ណែនាំនៅតាមសហគមន៍ ដែលស្ថិតនៅជុំវិញឧទ្យាន ជាច្រើនលើកច្រើនសារមកហើយ កុំឲ្យពួកគាត់បន្តកាប់រុករានទន្ទ្រានដីព្រៃឧទ្យាន និងបញ្ឈប់ការចូលកាប់ឈើ នៅក្នុងដែនឧទ្យានជាតិនេះទៀត។ ហើយក៏បានដាក់លិខិតស្នើសុំអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ លើការកាប់បំផ្លាញព្រៃឈើក្នុងដែនឧទ្យានរួចមកហើយ ប៉ុន្តែ ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ច ហាក់នៅមានការយ៉ឺតយ៉ាវនៅឡើយ។
លោក ជា សម្បត្តិ បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តព្រះវិហារ មេត្តាជួយរកវិធានការទប់ស្កាត់ និងមានចំណាត់ការបង្ក្រាប សកម្មភាពកាប់ និងដឹកជញ្ជូនឈើ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរក្សាធនធានសម្បត្តិព្រៃឈើ ឲ្យស្ថិតនៅគង់វង្ស៕
ដោយ៖សួនពិសិដ្ឋ (កែសម្រួលដោយ មណ្ឌល កែវ)






