មហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយប្រវែងជាង៥គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវលេខ១០០៣ ស្របតាមប្រឡាយមេខាងជើងរាជធានីភ្នំពេញរហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ បានដំណើរបើកការដ្ឋានជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៧ខែ កញ្ញាឆ្នាំ២០២០នេះ។ មហាវិថីថ្មីនេះ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរកម្រាស់២០សង់ទីម៉ែត្រ។ក្នុងនោះ ផ្លូវសងខាង១២ម៉ែត្រសួនច្បារកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨កន្លែង។

មន្រ្តីខាងលើបញ្ជាក់ថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ មានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃ ដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ ដោយដាំស្មៅ ជាមួយនឹងការរៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ តម្លើងភ្លើងស្តុបចរាចរចំនួន៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរផងដែរ។

ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាក់ស្តែងកំណាត់មហាវិថីដែលយើងបានស្ថាបនាឡើងនៅពេលនេះ វាពិតជាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអនម៉លសែនសុខ)ដល់មហា វិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។

ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះ ស្ថាបនាដោយក្រុមហ៊ុនឯកជន តែស្ថិត ក្រោមការត្រួតពិនិត្យបច្ចេកទេស ពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ ឯ.ឧ អភិបាលរាជធានីក៏បានស្នើសុំអោយប្រជាពលរដ្ឋចូលរួមសហការនិងយោគយល់ចំពោះផលប៉ះពាល់និងការរំខានពីការដ្ឋាននេះ។
ឯ.ឧ ឃួង ស្រេង បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាម វិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ បើទោះបី មកដល់ពេលនេះស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាល ទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភបំផុត៕
អត្ថបទះ សំអាត រូបភាព ពិសិដ្ឋ






