
លោក Hirotake Yano (ហ៊ីរ៉ូតា យ៉ាណូ)ស្ថា បនិកមហាសេដ្ឋីនៃក្រុមហ៊ុនលក់រាយបញ្ចុះតម្លៃរបស់ជប៉ុន Daiso (ដាយសូ)បានទទួលមរណភាពដោយសារជំងឺគាំងបេះដូងក្នុងអាយុ ៨០ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រុមហ៊ុនបាននិយាយថា គាត់បានស្លាប់នៅថ្ងៃទី១២ ខែកុម្ភៈ ហើយពិធីបុណ្យសពឯកជនត្រូវបានប្រារព្ធឡើង ដោយសមាជិកគ្រួសារជិតស្និទ្ធរួចហើយ។
នៅអាយុ២៩ឆ្នាំគាត់បានបង្កើតអាជីវកម្មដំបូងរបស់គាត់គឺហាងលក់ទំនិញតាមដងផ្លូវដែលមានឈ្មោះថា Yano Shoten ឬ Yano Store។ ប្រាំឆ្នាំក្រោយមកគាត់បានប្តូរឈ្មោះក្រុមហ៊ុនទៅជា Daiso ដែលបកប្រែថា “បង្កើតអ្វីដែលធំ” វាបានក្លាយជារឿងល្បីសម្រាប់គ្រប់មុខទំនិញរបស់វាដែលមានតម្លៃ១០០ យ៉េន។ ហាង Daiso បានទទួលជោគជ័យនៅពេលដែលសេដ្ឋកិច្ចជប៉ុននៅទ្រឹងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយអតិថិជនកាន់តែយល់ដឹងពីតម្លៃ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ Daiso មានហាងចំនួន៤,៣៦០ នៅក្នុងប្រទេសកំណើតរបស់ខ្លួន និងមានហាងជិត១,០០០ ជុំវិញពិភពលោក ជាមួយនឹងហាងនានានៅទូទាំងអាស៊ី ក៏ដូចជានៅអាមេរិកខាងជើង និងមជ្ឈឹមបូព៌ាផងដែរ។ ក្រុមហ៊ុនហៅខ្លួនឯងថា “អ្នកផ្គត់ផ្គង់សម្ភារៈរស់នៅលេខ ១ របស់ជប៉ុន”៕
ប្រភព BBC NEWS
ប្រែសម្រួលដោយ : ម៉ុក ម៉ានិច


