ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺសសៃប្រសាទបានហៅម្ដាយមកពីស្រុកកំណើតមើលថែរយៈពេល១០ថ្ងៃកន្លងមកហើយ លុះក្រោយពីផឹកស្រាជុំមិត្តភក្ដិរួចស្រាប់តែជម្ងឺរើឡើងខ្លាំងបានស្រាតសម្លៀកបំពាក់ចោលអស់នៅតែខ្លួនននលគករត់ពេញប្លុកផ្ទះជួលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ មកបានកាត់ក្បាលម្ដាយបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ជួលរួចគេចខ្លួនបាត់ស្រមោលតែម្ដង។
សាកសពស្រ្តីជាម្ដាយត្រូវបានកម្មការិនីដែលជួលផ្ទះនៅជិតនោះប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ២០២ ជាន់ទី២ ផ្ទះលេខ៥៦ ផ្លូវលំ ក្រុមទី២ ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលជាជនដៃដល់ខាងលើឈ្មោះអ៊ាម សំណាង អាយុ ៣២ឆ្នាំ មុខរបរនិយោជិតក្រុមហ៊ុនម៉ូតូហុងដា ស្នាក់នៅផ្ទះជួលកើតហេតុរយៈពេល២ខែមកហើយ ចំណែកស្រ្តីជាម្ដាយដែលត្រូវកូនប្រុសរូបនេះកាត់ក្បាលនោះឈ្មោះ ហាក់ សុខថា អាយុប្រហែល៦៥ឆ្នាំអ្នកទាំង២នាក់ម្ដាយនិងកូនមានទីលំនៅក្នុងភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមប្រភពពីអ្នកស្នាក់នៅបន្ទប់ជួលក្បែរនោះបានឲ្យដឹងថា បុរសដែលជាឃាតករសម្លាប់ម្ដាយដោយកាត់ក្បាលនេះបានស្នាក់នៅក្នុងបន្ទប់ផ្ទះជួលខាងលើម្នាក់ឯងនិងមានជម្ងឺប្រព័ន្ធប្រសាទ ហើយដោយសារតែកាលពីពេលថ្មីៗកន្លង ទៅនេះដឹងថាខ្លួនឯងមិនសូវស្រួលខ្លួនក៏បានហៅឲ្យមានមកជួយមើលថែ។បន្ទាប់មកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្រ្តីជាម្ដាយបានចាកចេញពីផ្ទះនៅខេត្តកំពង់ចាមមកកាន់ផ្ទះជួលខាងលើមើលថែកូនប្រុសរូបនេះដែលមាន រយៈ ពេល ១០ថ្ងៃមកហើយ។
ប្រភពដដែលបានបន្តទៀតថា លុះដល់វេលាល្ងាចថ្ងៃទី២៨ ខែសីហា មានមិត្តភក្ដិមកបបួលផឹកសុី ហើយបុរសនេះបានផឹកជុំមិត្តភក្ដិហើយក្រោយមកស្រាប់តែជម្ងឺរើឡើងរហូតស្រាតសម្លៀកបំពាក់រត់ពេញប្លុកផ្ទះជួលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកស្រ្តីជាម្ដាយរួមនិងអ្នកជិត ខាងបាននាំគ្នាជួយចាប់។ក្រោយមកនៅវេលាយប់ជ្រៅបន្តិចបានឮស្នូរក្ដូងក្ឌាំងនៅក្នុងបន្ទប់កើតហេតុ ប៉ុន្តែខណៈនោពុំមាននរណាបានចាប់អារម្មណ៍ចេញទៅមើលឡើយព្រោះនឹកស្មានថាបុរសនោះរើបម្រាស់។
អ្នកជិតខាងដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា រហូត មកដល់ព្រឹកឡើងថ្ងៃទី២៩ ខែសីហា កម្មការិនីដែលស្នាក់ នៅក្បែរនោះដើរឆ្លងកាត់មុខបន្ទប់ជួលកើតហេតុក៏បានប្រទះឃើញស្រ្តីរងគ្រោះដេកស្លាប់ដោយដាច់ក្បាលចេញពីដងខ្លួនបានត់ទៅហើយចំណែកជនដៃដល់ដែលជាកូនប្រុសបានរត់គេចខ្លួនបាត់ស្រមោល ទើបរាយការណ៍ជូននគរបាលចុះទៅពិនិត្យមើលជាក់ស្ដែង។
ពេលនោះនៅមិនទាន់កំណត់ថាកូនប្រុសជាអ្នកកាត់ក្បាលម្ដាយនៅឡើយទេ លុះក្រោយ ពេលមកនគរបាលបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅជិតនោះអត់ឃើញមានអ្នកផ្សេងណាចេញចូលបន្ទប់នោះក្រៅពីអ្នកទាំង២នាក់ម្ដាយនិងកូននោះទេ ហើយក៏ឃើញកូនប្រុសរត់ចេញពីក្នុងបន្ទប់ជួលទាំងយប់ជ្រៅទើបនគរបាលកំណត់ថាកូនប្រុសរូបនេះគឺជាឃាតករសម្លាប់ម្ដាយដោយកាត់ក្បាលបែបនេះ ហើយនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនកូនប្រុសជាឃាតកររូបនោះហើយ៕
ម៉េង ធា
Posted by SEATV News 24 Hours on Friday, 28 August 2020





