មណ្ឌលគិរី ៖ គិតត្រឹមល្ងាច ថ្ងៃទី១៩ មីនា ២០២០ ខេត្តមណ្ឌលគិរីមិនទាន់មានករណីអ្នកជំងឺឆ្លងកូវីដ១៩ទេ នេះជាការបញ្ជាក់របស់ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត ខណៈ ឯ.ឧ បានដឹកនាំមន្ត្រីជំនាញសុខាភិបាលចុះពិនិត្យទីតាំងត្រៀមបង្ការ បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក ក្នុងករណីមានអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ។
ឯកឧត្ដមអភិបាលខេត្តបន្ថែមថា ក្រោយកម្ពុជារកឃើញមានអ្នកជំងឺកូវីដ១៩ជាបន្តបន្ទាប់ អាជ្ញាធរខេត្តមណ្ឌលគិរីបានចាត់វិធានការបន្ទាន់លើការពិនិត្យជនបរទេស ដែលចេញចូលស្នាក់នៅក្នុងខេត្ត និង មានដាក់ពង្រាយមន្ត្រីជំនាញសុខាភិបាលនិងអ្នកពាក់ព័ន្ឋ ដើម្បីត្រួតពិនិត្យលើអ្នកដំណើរចូលមកក្នុងខេត្ត។
ឯកឧត្ដមបន្តថា នៅគ្រប់បណ្ដាក្រុងស្រុកទាំងក្នុងខេត្ត ក៏មានមន្ត្រីចុះទៅពិនិត្យផ្ទាល់លើអ្នកសង្ស័យ ជាពិសេសគឺខ្មែរឥស្លាម ដែលពួកគាត់ទើបតែត្រលប់មកពីប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងទៅ ។
ឯកឧត្ដមអភិបាលបញ្ជាក់ថា ចំណែកនៅតាមបណ្តាច្រកទ្វារទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម អាជ្ញាធរបានបញ្ជូនមន្ត្រីចត្វាឡីស័កប្រចាំការជាប់ជាប្រចាំ បើទោះជាពេលនេះច្រកទ្វារទាំងនោះត្រូវបានបិទជាប៉ុណ្ណោះអាសន្នក៏ដោយ ។
ហើយរាល់ក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវបានបិទផងដែរជៀសវាងការឆ្លងរាលដាលនៃជំងឺក៏កាចសាហាវមួយនេះ។





