
ខេត្តកំពង់ឆ្នាំង ៖ដើមរាំងយ៉ាងធំនិងមានមែកសាខាមួយដើម ក្នុងចំណោមដើមរាំងជាច្រើនដើម ត្រូវបានក្រុមជនខិលខូចលួចកាត់ និងគាស់បំណងដឹកចេញ ប៉ុន្តែត្រូវបែកការ ទើបរថយន្តដែលត្រូវមកដឹកដើមរាំងនេះ បានបើករត់គេចបាត់ សល់តែដើមរាំង ដែលគាស់ចេញពីដីស្រេចនៅកន្លែងកើតហេតុ ។
ហេតុការនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ប៉ុន្តែនៅព្រឹកថ្ងៃទី២០ ខែមេសា ទើបមានការភ្ញាក់ផ្អើលបន្ទាប់ពីប្រជាពលរដ្ឋ ចេញទៅប្រកបរបរនេសាទ ប្រទះឃើញ ។
ដើមរាំងដែលជនខិលខូចឆ្លៀតឱកាសកាប់គាស់បំណងដឹកចេញមិនសម្រេចនេះ មានទីតាំងនៅចំណុខកោះអាចម៍ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ ។
ប្រភពពីប្រជាពលរដ្ឋ នៅភូមិកោះតាម៉ូវ បានឱយដឹងថា នៅយប់ថ្ងៃកើតហេតុ មាន ក្រុមជនខិលខូចមួយក្រុមបានលួចចូលទៅដល់ចំណុចកោះអាចម៍ ជាតំបន់ព្រៃលិចទឹក ដែលមានដើមរាំងរាប់សិបដើម ហើយបានធ្វើសកម្មភាព លួចគាស់និងកាត់ដើមរាំងយ៉ាងធំមួយដើម ដើម្បីដឹកចេញ ។
លុះនៅម៉ោងប្រមាណ៩យប់ រថយន្តស្ទូចមួយគ្រឿងបានចូលទៅក្នុងភូមិកោះតាម៉ូវ ដើម្បីទៅដឹកដើមរាំងនេះ តែត្រូវបែកការ ដោយសារតែដឹងដល់មន្ត្រីជំនាញ បានចាត់កម្លាំងទៅស្ទាក់ចាប់ទាំងយប់ ប៉ុន្តែមិនបានសម្រេច ត្រូវជនខិលខូចលួចរត់គេចជាមួយនិងរថយន្តអស់ទៅ ។
លោក លី ឡា នាយខណ្ឌ័រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងបានឱយដឹងថា ក្រោយពីទទួលបានព័ត៌មាន ខាងលើ លោកបានដាក់កម្លាំង ចេញស្ទាក់ចាប់ទាំងយប់ប៉ុន្តែដោយសារភូមិសាស្ត្រឆ្ងាយពេក ជាប់ព្រំប្រទល់ឃុំឆ្នុកទ្រូ ទម្រាំសមត្ថកិច្ចទៅដល់ ជនល្មើសបានរត់គេចខ្លួនអស់ទៅ ។