(ខេត្តស្ទឹងត្រែង) ៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគិតគូរ និង សួរសុខទុក្ខ ដល់ នាយទាហាន ពលទាហាន ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ឡាវ នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូ មន្ទីរជុំវិញខេត្ត អញ្ជើញចុះសំណេះសំណោល និង សួរសុខទុក្ខ ជាមួយ កងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុច កោះឬស្សី និង វរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ មុន ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតមកដល់នៅថ្ងៃខាងមុខ ។
ឯកឧត្តម ម៉ុម សារឿន ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង សម្ដេចក្រឡា ហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។
ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំឭកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សា និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ជា ពិសេសគឺការពារសុខសន្តិភាព ព្រោះសន្តិភាពនេះហើយ ដែលធ្វើឱ្យយើងមានអ្វីៗដូចសព្វ ថ្ងៃនេះ។
ក្នុងនោះឯកឧត្តម ម៉ុម សារឿន បានបន្ថែមថា. ទទឹមនិង រក្សាសន្តិភាព នេះផងដែរ កងកម្លាំង ទាំងអស់ត្រូវតែ រក្សាអនាម័យជានិច្ច និងស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ប្រយុទ្ធជាមួយ វីរុស កូរ៉ូណា ឬ ជំងឺផ្លូវដង្ហើម កូវិដ ១៩ ( COVID .19 )ដែលកំពុងរីករាលដាល ជា សកល នៅបណ្ដាលប្រទេសជាច្រើន ហើយប្រទេសកម្ពុជាក៏កំពុងទទួលរងគ្រោះនូវជំងឺដ៏កាចសាហាវ មួយនេះដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានយកនូវអំណោយរបស់សមេ្តចតេជោ ជា គ្រឿងឧបភោគបរិភោគ មកផ្តល់ជូនកងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុចកោះឬស្សី រួមមាន អង្ករ.មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ.ទឹកត្រី.ក្រ. សាប៊ូ និងថវិកា ១ លានរៀល . និង ផ្តល់ជូន វីរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ៥ លានរៀលផងដែរ ៕





