ខេត្តប៉ៃលិន៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ និងទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាលទូទាំងសកលលោក ជាពិសេសនៅប្រទេសកម្ពុជា មន្ត្រីសង្ឃធំៗទាំងពីគណៈ បានចេញយុទ្ធនាការប្រោះព្រំសុគន្ធវារី តាមផ្លូវសាធារណៈ និងសូត្រព្រះបរិត្តនៅតាមវត្តអារាម ដើម្បី
បញ្ជៀសគ្រោះកាចចង្រៃនានាចេញពីប្រទេស និងពីប្រជាជនកម្ពុជា។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ចាប់តាំងពីព្រំប្រទល់ខេត្តបាត់ដំបង-ប៉ៃលិន រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមព្រះគ្រូរតនៈមុនី អ៊ា សុផល ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានមានថេរៈដីកាថា
៖ការរៀបចំកម្មវិធីនេះគឺដើម្បីបញ្ជៀសគ្រោះកាចចង្រៃនានាចេញពីប្រ ទេស និងប្រជាជនកម្ពុជា ស្របពេលដែលសកលលោក កំពុងកើតចលាចលនូវជំងឺ COVID-19 ហើយពិធីនេះក៏មានការសូត្រព្រះបរិត្ត ដែលជាគាថាធម៌ របស់ព្រះសម្មាសម្ពុទ្ធផងដែរ។
ព្រះអង្គមានថេរៈដីកាបន្តថា៖ ក្នុងថ្ងៃនេះដែរ ក៏មានការសូត្រធម៌ នៅគ្រប់វត្តទាំងអស់ទូទាំងខេត្តប៉ៃលិន ជាមួយគ្នានេះព្រះអង្គ ក៏បានណែនាំឲ្យគ្រប់វត្តអារាម ក៏ដូចជាពុទ្ធបរិស័ទទូទាំងខេត្ត ចូលរួមប្រារព្ធនូវកិច្ច តាមបែបព្រះពុទ្ធសាសនា ព្រមទាំងរក្សាខ្ជាប់នូវអនាម័យ ជាប្រចាំដូចជាការលាងដៃ ការសម្អាតបរិស្ថានជុំវិញខ្លួន ការពាក់ម៉ាស និងស្វែងយល់ពីជំងឺ COVID-19 ដែលជាជំងឺដ៍កាចសាហាវផងដែរ។





