
(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០)៖ដោយសារតែ មេឃធ្លាក់ភ្លៀងបន្តបន្ទាប់ ហើយថែមទាំងបាក់ទំនប់លើខ្នងភ្នំគិរីរម្យ ផងនោះបណ្តាលអោយជំនន់ទឹកភ្លៀងបានធ្វើឲ្យផ្លូវជាតិលេខ៤រងការលិចលង់ដោយអន្លើៗ។
កងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ដកំពង់ស្ពឺ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច គ្រប់អង្គភាព ចេញអន្ដរាគមន៍សម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ត្រង់ ចន្លោះគីឡូម៉ែត្រលេខ ៣២- ៣៣ និងលេខ៤២-៤៣ ដែលមានទឹកជន់លិច បណ្ដាលមកពីជំនន់ទឹកភ្លៀងធ្លាក់ជាប់ ៗគ្នាប៉ុន្មានថ្ងៃនេះ។
តាមការអោយដឹងពីប្រជាពលរដ្ឋថា ការលិចផ្លូវជាតិលេខ៤ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៤២និងលេខ៤៣នេះ បណ្តាលមកពីការចាក់លុបបឹងធម្មជាតិជាច្រើននៅខាងត្បូវផ្លូវ និងជាពិសេសគឺក្រោយបុរីសុវណ្ណតែម្តង ដែលម្ចាស់មានឈ្មោះ តុង សេង អាយុជាង៦០ឆ្នាំ ជាអ្នកមានលុយមានអំណាចមួយរូបនៅក្នុងខេត្តកំពង់ស្ពឺ។
ប្រភពបន្តថា កាលពីមុនមិនដែលមានករណីទឹកលិច
នោះទេផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូ៤២និង៤៣នោះ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់តាំងពីមានការលុបបឹងធម្មជាតិ និងសង់បុរីសុវណ្ណនេះមក ទឹកជន់លិចផ្លូវតែម្តង។
ប្រជាពលរដ្ឋសាទរ ចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសមត្ថកិច្ច ក្នុងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្ររងគ្រោះនេះ។
និងសំណូមពរឲ្យឯកឧត្តម អភិបាលខេត្ត ជួយពិចារណាចំពោះមតិលើកឡើងរបស់ប្រជាពលរដ្ឋពីបញ្ហាការចាក់ដីលុបបឹងធម្មជាតិក្នុងខេត្តនេះផង។
យ៉ាងនេះក្ដី មិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ថា មតិចោទ ប្រកាន់ របស់ប្រជាពលរដ្ឋថា មានមូលដ្ឋានត្រឹមត្រូវឬមិនត្រឹម ត្រូវនោះឡើយ៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
https://www.facebook.com/watch/?v=765793987318762