ក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ អាជ្ញាធរឃុំឆ្នុកទ្រូ បានចំណាយថវិការបស់សាលាឃុំ សម្រាប់ឆ្នាំ២០២០ ជីកប្រឡាយមួយខ្សែ ដែលមានប្រវែងពីជាង ២គីឡូម៉ែត្រដោយចំណាយទឹកប្រាក់ប្រមាណ ជាង ១៥០លានរៀល ។ នេះជាការអះអាងរបស់លោក សាំង គឹមស៊នមេឃុំឆ្នុកទ្រូ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារយើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ។
លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ បានបញ្ជាក់ថា៖ ប្រឡាយដែលគ្រឿងចក្រកំពុងជីក មួយខ្សែនេះមានបាតក្រោម ៨ ម៉ែត្រ មាត់លើ ២០ ម៉ែត្រជម្រៅ៤ ម៉ែត្រកន្លះ ដោយជីកយកទឹក ពីបឹងទន្លេសាប ចូលមកកាន់វត្តកំពង់ព្រះ មានប្រវែងជាង២គីឡូម៉ែត្រ ដោយភ្ជាប់និងទីកន្លែងដែលប្រជាពលរដ្ឋបានបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក ។ ការចំណាយថវិកានេះគឺជាថវិការបស់សាលាឃុំសម្រាប់ឆ្នាំ២០២០ មានទឹកប្រាក់ប្រមាណជាង១៥០ លានរៀល ។





