(ខេត្តព្រះសីហនុ,ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់បទបញ្ជារដល់កងកម្លាំងជំនាញតាមដានបញ្ហាបម្រែបម្រួលអាកាសធាតុ ឲ្យបានជាប្រចាំ ដើម្បីដាក់ផែនការ និងកម្លាំង ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមានឡើងជាយថាហេតុ ណាមួយកើតឡើង។
តាមការពិនិត្យជាក់ស្តែង នៅរសៀលថ្ងៃ១២ ខែតុលា បញ្ហាអាកាសធាតុលើផ្ទៃសមុទ្រ មានរលកសមុទ្រ និងខ្យល់បោកបក់ខ្លាំង ហើយនៅលើមេឃ ក៏មានពពកអាប់អួរខ្លាំងផងដែរ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានដាក់បទបញ្ជាឲ្យកងកម្លាំងជំនាញបន្តចុះផ្សព្វផ្សាយណែនាំអប់រំ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្តីពីអាកាសធាតុ ទាក់ទិនវត្តមានព្យុះ លីនហ្វា ទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយម ក៏ដូចជា រដ្ឋបាលខេត្តព្រះសីហនុ ហើយជាពិសេសត្រូវតាមដានអាកាសធាតុជាប្រចាំ ដើម្បីគ្រប់គ្រងសភាពការណ៍ឲ្យបានទាន់ពេលវេលា និងទាន់ហេតុការណ៍៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)





