ខេត្តកណ្ដាល៖ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាលបានរំលឹកជម្រុញឲ្យគណៈអភិ
បាលក្រុង ស្រុកនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 ។
ការជម្រុញបែបនេះ អភិបាលរងខេត្តកណ្តាលរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងខណៈដែលឯកឧត្តម អញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកស្អាង ដែលពិធីនេះមានការអញ្ជើញចូលរួម ពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ គ្រប់ឃុំ និងអាជ្ញាធរស្រុកស្អាង ជិត១០០នាក់។
មានប្រសាសន៍ ក្នុងពិធីប្រកាសតែងតាំង ឯកឧត្ដម នៃ ចារី បានស្នើដល់ គណៈអភិបាលស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងមូលដ្ឋានរបស់ខ្លួន។ឯកឧត្ដមអភិបាលរងខេត្ត បន្តថា អាជ្ញាធរស្រុក ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ និងប្រទេសដទៃផ្សេងទៀត ដែលទើបបានត្រលប់មកក្នុងមូលដ្ឋានស្រុករបស់ខ្លួនអោយបានច្បាស់លាស់។
ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុក ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់។
ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់។





