(ព្រៃវែង): អាជីវករនៅអមសងខាងផ្លូវតំបន់អ្នកលឿងត្រើយខាងកើត ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ”ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង បានសម្តែងការសប្បាយរីករាយ និងសាទរយ៉ាងខ្លាំងចំពោះគម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវចាស់ចូលទៅផ្សារ។
ការសាទរនេះខណៈដែលកម្លាំងគណៈកម្មាការចម្រុះរបស់អាជ្ញាធរស្រុកពាមរក៍ មានប៉ូលិស ប៉េអឹម និងមន្ត្រីសាធារណៈការ ដឹកនាំដោយ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ចុះទៅសម្របសម្រួលណែនាំអោយបងប្អូនអាជីវករចូលរួមរុះរើផលប៉ះពាល់លើដីចំណីផ្លូវ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
អាជីវករបានលើកឡើងប្រហាក់ប្រហែលគ្នាថា ផ្លូវនេះកាលពីដើមឡើយគឺមានទំហំទទឹងប្រហែល១០ម៉ែត្រ បណ្តោយប្រវែងប្រហែល២០០ម៉ែត្រ។
ប៉ុន្តែមួយរយៈក្រោយមកបងប្អូនអាជីវករទាំងសងខាងផ្លូវមើលដំណាំចេះតែនាំគ្នាដាក់លក់តយ៉ាបហៀរចូលមកម្នាក់បន្តិចៗទើបធ្វើអោយផ្លូវរួមតូចចង្អៀតរកតែជិះម៉ូតូចៀសគ្នាសឹងមិនរួចផង។
ឥឡូវបានគណៈកម្មាការចម្រុះចុះមកពង្រីកបើកផ្លូវចាស់នេះឡើងវិញ គឺពួកគាត់មានទឹកចិត្តសប្បាយរីករាយណាស់ ហើយថែមទាំងសុខចិត្តបរិច្ចាករាល់ការប៉ះពាល់ជួលជាងមករុះរើខ្លួនឯកទៅតាមគំនូសដែលអាជ្ញាធរបាញ់អោយ ដោយមិនទាមទារសំណងអ្វីទាំងអស់ ព្រោះអាជ្ញាធរបានជូនដំណឹងមុខរួចហើយ! សំខាន់អោយតែបានផ្លូវធំ ងាយស្រួលអ្នកធ្វើដំណើរចេញចូលផ្សារ ហើយពួកគាត់លក់ដូរអមសងខាងផ្លូវមានសោភ័ណភាពល្អ ជាពិសេសតំបន់នេះគឺជាតំបន់ប្រជុំជនបើមានគ្រោះអគ្គីភ័យកើតឡើង មានផ្លូវធំឡានទឹកអាចចូលជួយអន្តរា គមន៍បានទាន់ពេលវេលា។
ដូច្នេះអាជីវករសូមថ្លែងអំណរគុណចំពោះគណៈកម្មាការចម្រុះដែលបានជួយពង្រីកផ្លូវនេះបានធំឡើងវិញ ហើយពួកគាត់សង្ឃឺមថាអាជ្ញាធរនិងជួយពន្លឿនផ្លូវនេះអោយឆាប់រួចរាល់មុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ៕





