
មីយ៉ាន់ម៉ា ៖ សារព័ត៌មានស៊ិនហួ បានផ្សាយនាយប់ថ្ងៃទី២១ ខែមេសា២០២០ថា
ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានផ្ដល់តួលេខថ្មីពីចំនួនអ្នកឆ្លងវីរ៉ុស COVID-19 នៅទូទាំងប្រទេសដែលបានកើនឡើងដល់ ១១៩នាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន៧នៅថ្ងៃចន្ទម្សិលមិញ។
ក្រសួងសុខាភិបាល មីយ៉ាន់ម៉ាបានបញ្ជាក់ថា អ្នកដែលគេរកឃើញឆ្លងថ្មីនៃវីរ៉ុសនេះ មិនមានប្រវត្តិធ្វើដំណើរនោះទេ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ។ ប៉ុន្តែពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺដែលមានករណីឆ្លងកន្លងមក។
គិតមកទល់ពេលនេះអ្នកជំងឺចំនួន៩នាក់ បានជាសះស្បើយពីជំងឺ ហើយ៤នាក់នៃពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។
របាយការណ៍បានបង្ហាញថា មានមនុស្សចំនួន៥នាក់ហើយដែលបានស្លាប់ ដោយសារជំងឺ COVID-19 គិតត្រឹមថ្ងៃទី២០ មេសា បន្ទាប់ពីវីរ៉ុស បានរកឃើញជាលើកដំបូង នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ៕