
ខេត្តកំពង់ស្ពឺ ៖ កំលាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបេីកប្រតិបត្ដិការស៊ើបអង្កេត ស្រាវជ្រាវតាមបណ្ដឹងរបស់ជនរងគ្រោះ និងបានធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន០២នាក់ រហូតដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។
ក្នុងប្រតិបត្ដិការណ៍ឃាត់ខ្លួន ចាប់បានទី០១ មានឈ្មោះ ម៉ា រ័ត្នមុន្នី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ84E1 ផ្លូវលេខ141 ក្រុមទី៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដេីរតួរជាអ្នកខ្ចីប្រាក់ (ធ្វើជាកូនបំណុល) និងទី០២ មានឈ្មោះ ស៊ុន សុភា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដូង ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដេីរតួជាអ្នកសម្របសម្រួល លេីការរកអ្នកមានប្រាក់ (ជំនួយការផ្នែកច្បាប់ និងធានាផ្នែកហិរញ្ញវត្ថុ) ចំណែកបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់អស់ ហើយជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀត។
នគរបាលជំនាញបន្តថា រឿងរ៉ាវដំបូងនោះគឺក្រុមគេដេីរតួស្វែងរកអ្នកមានប្រាក់ និងប្រកបមុខរបររកសុីចងការប្រាក់ បន្ទាប់មកផ្ដល់លេខទូរស័ព្ទអោយទៅបក្ខពួកខ្លួនខ្ចីប្រាក់ ទូរស័ព្ទប្រាប់ថាមានគេចង់ខ្ចីប្រាក់ បង់ផ្ដាច់នៅតាមធនាគារឯកជន ដេីម្បីសុំខ្ចីបន្ដទៀត ដោយគេខ្ចីរយៈពេលខ្លីទេ និងផ្ដល់ការប្រាក់ខ្ពស់។ បន្ទាប់ពីទំនាក់ទំនងគ្នារួច គឺគេបាននាំមនុស្សម្នាក់ដេីរតួជាអ្នកធ្វេីឯកសារខ្ចីប្រាក់អតិថិជនកន្លងមក ដេីម្បីឲ្យម្ចាស់បំណុលចង់សួរនាំថាតេីប្រាក់ដែលត្រូវផ្ដល់មកវិញបាន «លឿនទេ? ប៉ុន្មានថៃ្ងដែរ» ពេលនោះក្រុមគេដែលបានរៀបចំរួចជាស្រេច បានឆ្លេីយថា ឯកសារនេះមិនយូរទេឆាប់ៗ ២ ឫ៣ថៃ្ងបានលុយហេីយ។ បន្ទាប់ពីបានប្រាក់ពីម្ចាស់បំណុលរួច គឺគេបានណាត់ថានៅពេលខាងធនាគារហៅបេីកប្រាក់ គឺគេនឹងនាំម្ចាស់បំណុលទៅបេីកប្រាក់ផ្ទាល់តែម្ដង កុំឲ្យពិបាកយកមកសងដល់ផ្ទះ ប៉ុន្តែនៅពេលដល់ថៃ្ងណាត់ គឺគេបាននាំម្ចាស់បំណុលទៅមែន តែទៅដល់ធនាគារ ពួកគេប្រេីល្បិចមួយទៀត គឺធ្វេីភ្លេចយកអត្ដសញ្ញាណប័ណ្ណជាដេីម (ឈ្មោះ ម៉ា រ័ត្នមុន្នី) គេបានសុំពេលមកយកឯកសារនៅផ្ទះ រួចក៏គេចខ្លួនរហូត (រឿងចម្លែកបំផុតគឺម្ចាស់បំណុលមុនឲ្យប្រាក់ខ្ចី គឺគាត់ចង់មេីលឯកសារដែលកូនបំណុលជំពាក់ខាងធនាគារមួយណា ហេីយលុយដែលនៅសល់មានប៉ុន្មានជាក់ស្ដែង តែឯកសារដែលគេយកមកបង្ហាញនោះគឺជាឯកសារក្លែងទាំងអស់ដែលឈ្មោះស៊ុនសុភា ជាអ្នករៀបចំអោយ)។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ថា ក្រុមនេះនៅមានបក្ខពួកមួយចំនួនទៀត ដែលខាងជំនាញកំពុងតែបន្ដនីតិវិធីស្រាវជ្រាវ ដេីម្បីធ្វេីការឃាត់ខ្លួន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ។
សមត្ថកិច្ចក៏ធ្វើការអំពាវនាវ និងជាការសំណូមពររបស់ជំនាញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបររកសុីចងការប្រាក់លក្ខណៈឯកជន សូមមេត្ដាប្រុងប្រយ័ត្ន និងពិនិត្យមេីលមនុស្ស ឯកសារអោយបានជាក់លាក់ មុននឹងផ្ដល់ប្រាក់កម្ចីជូនទៅកូនបំណុល ព្រោះបច្ចប្បន្នក្រុមនេះមានបណ្ដាញ និងមេក្លោងជាអ្នកមានអំណាចខ្លាំងនៅពីក្រោយខ្នង ពិសេសបើករណីមានគេឃាត់ខ្លួន ឬចាប់ គឺពួកគេមិនព្រមឆ្លេីយដាក់មេក្លោងជាដាច់ខាត និយាយរួមខ្លាំងជាងមេចោរប្លន់ទៅទៀត ដោយពួកគេត្រូវបានមេក្លោងបញ្ចេះថា នេះជារឿងកិច្ចសន្យាមិនមែនរឿងព្រហ្មទណ្ឌនោះទេ ទោសមិនជាប់ពន្ធនាគារទេ យ៉ាងច្រើនគេត្រឹមឲ្យតែសងប្រាក់ទៅដេីមបណ្ដឹងវិញ តាមលទ្ធភាពតែប៉ុណ្ណោះ ត្រង់ចំណុចនេះហេីយអ្នកដែលចាញ់បោកគេ គឺក្លាយជាឧបករណ៍របស់មេក្លោង សំរាប់ប្រេីដេីរបោកប្រាស់ប្រាក់ពីជនរងគ្រោះ ព្រោះតែជឿការញុះញង់ និងការធានាពីមេរបស់ពួកគេ៕ អ៊ុ ណូន