កំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ បានរងរបួសធ្ងន់ធ្ងរ និងយុវជនម្នាក់ទៀត បានរងរបួសដូចគ្នា ត្រូវបានដឹកយកទៅសង្គ្រោះ ភ្លាមៗ ខណៈដែលម៉ូតូឃ្លឹក បើកលឿនឆ្លងផ្លូវ បុកម៉ូតូសង់ពេញទំហឹងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨ទៅលេខ៤៩ នៅចំណុច ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុក ជាមួយម៉ូតូ បណ្តាលអោយមនុស្សរងរបួស២នាក់។
នគរបាលដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លឹក ពណ៌សពាក់ស្លាកលេខ កំពង់ធំ 1C ៧៦៣៥ បានបើកបរចេញពីមន្ទីរពេទ្យ សុខណា ឆ្លងផ្លូវជាតិលេខ៤ ពីទិសខាងជើងទៅទិសខាងត្បួង
អ្នកបើកបរមានឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺរង (របួសធ្ងន់) លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E ៣៨០៧ បើកបរពីកើតទៅលិច អ្នកបើកឈ្មោះ សែន ដូណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រង (របួសធ្ងន់)។
ករណីនេះ បណ្តាលអោយរងរបួសមនុស្ស និងខូចខាតសំភារៈខូចខាតម៉ូតូចំនួន០២គ្រឿង។
ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍ក្រុងច្បារមន ចុះទៅធ្វើការវាស់វែង ដឹកអ្នករងរបួសទៅព្យាបាលភ្លាមៗ នៅគ្លីនិកឯកជនមួយកន្លែងក្បែរកន្លែងកើតហេតុ។ ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង បានប្រគល់ជូននគរបាលជំនាញ ចរាចរណ៌ខេត្ត ដោះស្រាយតាមនិតីវិធី៕ អ៊ុ ណូន












