កំពង់ស្ពឺ ៖ មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅ គ្លីនិក ឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលម៉ូតូស្គុបពីជិះគ្នា២នាក់ បើកលឿនបុកម៉ូតូសណ្តោងរ៉ឺម៉កបើក បញ្ច្រាសទិសពេញទំហឹង កាលពីវេលាម៉ោង០៥និង៥៥នាទីល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ខាងកើតផ្សារកំពង់ស្ពឺស្ថិតនៅក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលជំនាញ បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកម៉ូតូរ៉ឺម៉ក សណ្តោង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ៣នាក់ លើផ្លូវក្រាលកៅស៊ូមុខហាងលក់ទូរស័ព្ទ អៀង សុខហេង។
នគរបាលជំនាញដដែល បាននិយាយអោយដឹងទៀតថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1K8783 បានធ្វើដំណើរ បើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងទិសដៅពីទិសខាងត្បូងទៅ ទិសខាងជើង។ អ្នកបើកបរឈ្មោះ ទៀង ដានី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកដៀង ស្រុកពាមរក ខេត្តព្រៃវែង(របួសធ្ងន់) និងឈ្មោះ មឿន វ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមជាមួយគ្នា (របួសធ្ងន់) បាក់កជើងខាងឆ្វេង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូសណ្តោងរឺុម៉កម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅអត់ស្លាកលេខ បើកបរពីទិសខាងជើងទៅទិសខាងត្បូង អ្នកបើកបរមានឈ្មោះ ខេន សុខម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(របួសធ្ងន់)។
ករណីនេះ បណ្តាលអោយរងរបួសមនុស្សចំនួន ៣នាក់ ធ្ងន់ធ្ងរ បញ្ជូនយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងក្នុង ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ នគរបាលជំនាញចរាចរណ៍សណ្តាប់ធ្នាប់ផ្សារ ចុះទៅធ្វើការវាស់វែង។ ចំពោះវត្ថុតាងម៉ូតូ ទាំងពីរគ្រឿង នគរបាល បានដឹកយកទៅរក្សាទុកនៅ ប៉ុស្តិ៍សណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ រង់ចាំដោះស្រាយនៅពេលក្រោយ និងបន្តចាត់ការតាមនិតីវិធី៕ អ៊ុ ណូន











