ប៉ោយប៉ែត ៖ ដោយសារតែគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក បើកបរលើដងផ្លូវនៅពេលយប់ គ្មានចំណាំងផ្លាត គឺវាពិតជាគួរឲ្យខ្លាចណាស់ ហើយបានបង្ករគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដល់អ្នកធ្វើដំណើរស្ទើរតែគ្រប់ខេត្តក្រុង គប្បីសមត្ថកិច្ចជំនាញប្រើធម៌ក្តៅទៅលើគោយន្តកន្ត្រៃផង។
ជាក់ស្តែងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែង។
ហេតុការនេះកើតឡើងលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ជនរងគ្រោះឈ្មោះ ឡាច កូននាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំ ស្រុក កើតហេតុខាងលើ។
ប្រភពពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងជនរងគ្រោះជិះម៉ូតូម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D.1035 បើកបរក្នុងទិសដៅពីកើត ទៅលិច លុះដល់ចំណុចកើតហេតុ ក៏បុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ ដែលបើកបរស្របទិស បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ។ អ្នកបើកបរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែគោយន្តកន្ត្រៃនៅនឹងកន្លែងកើតហេតុ។ ប្រភពថា គោយន្តបង្ករហេតុនោះពុំមានភ្លើង ឬចំណាំងផ្លាតពីខាងក្រោយនោះឡើយ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីយ។ ចំណែកវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ នុប រក្សា








