កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសធ្ងន់ធ្ងរចំនួន០៣នាក់ ហើយត្រូវបានដឹកបញ្ជូនយកទៅព្យាបាល និងសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែង ក្បែរកន្លែងកើតហេតុ ដោយសារតែម៉ូតូសង់ស៊េរីទំនើបបើកលឿន បុកជា មួយម៉ូតូគូបសេ៥០ ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៦ទៅលេខ១២៧ នៅចំណុចភូមិ ដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដា C 50 ពណ៌ទឹកបិុច គ្មានស្លាកលេខនោះទេ បើកបរដោយឈ្មោះ ហឹម ហួន ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរជាកសិករ រស់នៅ ភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រស់នៅកន្លែងកើតហេតុខាងលើ) បាន ធ្វើដំណើរជិះម៉ូតូតាម បណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះធ្វើដំណើរ ទៅដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាកហុងដាឌ្រឹមសង C 125ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ 1L-0293 បើកបរដោយ ឈ្មោះ វុន ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិមហាមន្ត្រី ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួមដំណើរ ជាមួយយុវជនម្នាក់ទៀតជាមិត្តភក្តិមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាល បុកគ្នាចំពីមុខយ៉ាងពេញទំហឹង ឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារ:ម៉ូតូទាំង២គ្រឿងផងដែរ។
ក្រោយកើតហេតុ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងបានរាយការណ៍ទៅនគរបាលមូលដ្ឋាន និងនគរបាលជំនាញ ចុះធ្វើការវាស់វែង ដឹកជនរងគ្រោះទាំង៣នាក់ទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ។ ហើយចំពោះវត្ថុតាង ម៉ូតូទាំង២គ្រឿងដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំដោះស្រាយនៅពេលក្រោយទៀត៕ អ៊ុ ណូន











