ព្រៃវែង ៖ ម៉ូតូ2គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស3នាក់រងរបួសទាំងសងខាងកាលពីថ្ងៃទី14 ខែកក្កដា ឆ្នាំ2018 វេលាម៉ោង8និង30នាទីយប់ នៅលើផ្លូវក្រាលគ្រួសក្រហម ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ចេង ធឿន ភេទប្រុស អាយុ55ឆ្នាំ ស្ថិតក្នុងភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ1គ្រឿង ម៉ាកwave.អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អាង អាន ភេទប្រុស អាយុ34ឆ្នាំ មានទីលំនៅភូមិខ្លុងកោង ឃុំក្រញូង ស្រុកកំចាយមារ ជិះឌុបបុរសម្នាក់ទៀត ឈ្មោះ អ៊ាង ហួត ភេទប្រុស អាយុ54ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បើកបរក្នុង ទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូ1គ្រឿងទៀតម៉ាក wave អាល់ហ្វា គ្មានស្លាកលេខដូចគ្នា បើកបរដោយឈ្មោះ អុន ធួន ភេទប្រុស អាយុ35ឆ្នាំ មានទីលំនៅភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងបើកបរទិសដៅបញ្ជ្រាស់គ្នាពីត្បូងទៅជើង ពេញទំហឹងបណ្តាលឲ្យរងរបួស ទាំងសងខាង ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរៀងៗខ្លួន។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការវាស់វែងយកមធ្យោបាយទាំង 2គ្រឿង ទៅរក្សាទុកនៅអធិការដ្ធាន ដើម្បីបំពេញបែបបទតាមនីតិវិធី៕ សុឹម សាន់












