ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសអាយុជាងមួយខួបម្នាក់ បានលង់ទឹកក្រោយផ្ទះស្លាប់ មិនមានអ្នកណាដឹង បន្ទាប់ពីម្តាយឪពុករវល់តែទៅច្រូតស្មៅឲ្យគោ ហើយទុកកូនតូចនោះអោយបងៗមើល ប៉ុន្តែបងៗប្រចាំគ្នា ទៅទិញនំមិនគិតមើលប្អូន ក្មេងតូចរូបនោះដើរតេះតះចូលក្នុងទឹកស្រះ លង់ស្លាប់ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៤ និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកក្រោយផ្ទះ ចម្ងាយជាង១០ម៉ែត្រ ក្នុងភូមិអូរដង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបាននិយាយអោយដឹងថា មានករណីលង់ទឹកបណ្តាលអោយក្មេងតូចអាយុជាង១ខួបម្នាក់ស្លាប់ នៅភូមិអូអង្គុំ ឃុំអមលាំង។
នគរបាលបន្តថា ក្មេងតូចជាជនរងគ្រោះមានឈ្មោះ វិន វ៉ាន់ អាយុ១ឆ្នាំ៤ខែ រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិកើតហេតុខាងលើ បានលង់ទឹកស្រះក្រោយផ្ទះរបស់ខ្លួន ចម្ងាយ១១ម៉ែត្រ។ មានឪពុកឈ្មោះ សេង វិន អាយុ៣៨ឆ្នាំ ម្តាយឈ្មោះ សុខ រ៉ាន់ អាយុ៣៨ឆ្នាំ នៅភូមិឃុំខាងលើ។
នគរបាលបានស្រង់សម្តីម្តាយ និងឪពុកថា មូលហេតុបង្ករឲ្យមានរឿងនេះកើតឡើងគឺ ឪពុកម្តាយទៅច្រូតស្មៅគោ ទុកកូនតូចឲ្យនៅជាមួយ ឈ្មោះ សៀក វីត ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ សៀក វីន ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវជាបងបង្កើត ប៉ុន្តែបងទាំង២នាក់នោះមិនបានមើលប្អូនទេ ប្រចាំគ្នា ហើយបាននាំគ្នាទៅទិញនំ ទុកប្អូនតូចនៅផ្ទះម្នាក់ឯង លុះពេលត្រឡប់មកវិញមិនឃើញជនរងគ្រោះជាប្អូន ក៏បាននាំគ្នាដើររក តែរកមិនឃើញ លុះចុះរាវរកក្នុងទឹកស្រះក្រោយផ្ទះ ក៏បានឃើញជនរងគ្រោះ ស្រង់ដាក់លើគោក ជួយសង្រ្គោះបឋម ហើយដឹកទៅសង្គ្រោះនៅពេទ្យឯកជននៅភូមិថ្នល់បំបែក ឃុំអមលាំង តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ដឹកសពត្រឡប់មកផ្ទះវិញ។
ក្រុមគ្រួសារបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះពិតជាលង់ទឹកស្រះក្រោយផ្ទះប្រាកដមែន មិនមានពាក់ព័ន្ធអំពើឃាតកម្មឡើយ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ នេះជាមេរៀនមួយសម្រាប់ឪពុកម្តាយ និងបងៗ ដែលមិនយកចិត្តទុកដាក់មើលថែប្អូននោះ លទ្ធិផលបានត្រឹមតែសោកស្តាយតែប៉ុណ្ណោះ៕ អ៊ុ ណូន






