ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ តែមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយជ្រុលទៅបុកចំណែកខាងរថយន្តឡិចស៊ីសមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង ០៣និង១៥នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣ ទៅលេខ៤៤ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្តបើកបញ្ជ្រាស់ទិសគ្នាពេញទំហឹង បង្ករដោយម៉ូតូម៉ាក ហុងដា សេ125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-4305 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិចម្នាក់ឯង អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ គ្រាន់តែដឹងថាភេទប្រុស អាយុជាង២០ឆ្នាំ បាន រងបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង។
ប្រភពបន្តទៀតថា លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានជ្រុលទៅបុកជាមួយរថយន្ត RX300 ពាក់ផ្លាកលេខ ភ្នំពេញ 2AT-2085 បើកដោយឈ្មោះ មាស មាន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិចុងថ្នល់ ខណ្ឌព្រែកព្នៅ ក្រុងភ្នុំពេញ។
ករណីនេះបណ្តាលអោយមនុស្សរងគ្រោះ០១នាក់ធ្ងន់ធ្ងរ និងខូចខាតម៉ូតូ ០១គ្រឿង ចំណែករថយន្ត ១គ្រឿង រងការខូចខាតកំរឹតស្រាល។ វត្ថុតាងបានប្រគល់ជូនចរាចរណ៍ខេត្តកំពង់ស្ពឺ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត៕ អ៊ុ ណូន








